យូអិន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក កំពុងបើកទំព័រការទូតថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន អស់រយៈពេលពីរទសវត្សរ៍ ដោយសន្យាពីការធ្វើការ ទូតមិនចេះរីងស្ងួត ចំពេលកំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្ត។
លោកបៃដិន បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិថា“ យើងបានបញ្ចប់ ជម្លោះរយៈពេល ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន ហើយនៅពេលយើងបិទសម័យសង្គ្រាម ឥតឈប់ឈរនេះ យើងកំពុងបើកយុគ សម័យថ្មី នៃការទូតឥតឈប់ឈរ” ។
យោធាអាមេរិក បានបញ្ចប់ការដកទ័ពដ៏វឹកវរ របស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន នៅចុងខែសីហា ក្រោមបញ្ជា របស់លោក ចូ បៃដិន ដោយបញ្ចប់ សង្រ្គាមយូរបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
លោកប្រធានាធិបតី បានចង្អុលបង្ហាញថា អំណាចយោធា របស់អាមេរិក“ ត្រូវតែជាឧបករណ៍ចុងក្រោយរបស់យើង មិនមែនជាលើកទីមួយ របស់យើងនោះទេ” ហើយមិនគួរត្រូវបានប្រើជាចម្លើយ សម្រាប់គ្រប់បញ្ហា ពិភពលោកដែរ។
លោកបានបន្ថែមថា“ កង្វល់ដ៏ធំបំផុតរបស់យើងជាច្រើន មិនអាចត្រូវបានដោះស្រាយ ឬត្រូវបានដោះស្រាយតាមរយៈកម្លាំងអាវុធឡើយ។ គ្រាប់បែក និងគ្រាប់កាំភ្លើង មិនអាចការពារប្រឆាំងនឹងកូវីដ -១៩ ឬជម្រើសអនាគតរបស់វាឡើយ “ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតនេះ យើងត្រូវការសកម្មភាពរួមនៃវិទ្យាសាស្ត្រ និងឆន្ទៈនយោបាយ” ។
លោកបៃដិន បានលើកឡើងថា សហរដ្ឋអាមេរិកនឹង“ ប្រកួតប្រជែងយ៉ាងស្វិតស្វាញ” ជាមួយមហាអំណាចធំៗ ផ្សេងទៀត ខណៈពេលដែលសង្កត់ធ្ងន់ថា វាមិនមែន“ ស្វែងរកសង្រ្គាមត្រជាក់ថ្មីឬពិភពលោក ដែលបែងចែកជាប្លុករឹងរូសនោះទេ” ។
លោកបានបន្តថា“ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រជាជាតិ ណាមួយ ដែលបោះជំហានទៅមុខ និងបន្តដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាប្រឈមរួមគ្នា ទោះបីជាយើងមានការខ្វែង គំនិតគ្នាខ្លាំងនៅក្នុងវិស័យផ្សេងទៀតក៏ដោយ” ។
លោកបន្ថែមថា “ពីព្រោះយើងទាំងអស់គ្នានឹង ទទួលផលវិបាកនៃការបរាជ័យ របស់យើងប្រសិនបើយើងមិនរួមគ្នា ដោះស្រាយការគំរាមកំហែងជាបន្ទាន់ ដូចជាជំងឺកូវីដ -១៩ និងការប្រែប្រួលអាកាសធាតុ ឬការគំរាមកំហែង ស៊ូទ្រាំដូចជាការរីក សាយភាយអាវុធនុយក្លេអ៊ែរ” ។
លោកបៃដិន បានបញ្ជាក់បន្ថែមថា វ៉ាស៊ីនតោន នឹងនៅតែមានទំនាក់ទំនង ជាមួយទីក្រុងតេអេរ៉ង់ ការទូត និងស្វែងរកការវិលត្រឡប់ទៅវិញ ទៅមកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ សហរដ្ឋអាមេរិកស្វែងរកការទូត ដើម្បីបន្តការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ៕
ដោយ ឈូក បូរ៉ា