បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានចាប់ផ្តើមនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការចូលរួមដំបូងរបស់លោក នៅក្នុងជំនួបកំពូលនោះ ដោយបង្ហាញសារស្តីពីសាមគ្គីភាព សន្តិសុខនិងដំណើរវិវត្តន៍លើបញ្ហាជាច្រើន រួមមានទាំងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាជម្ងឺកូវីដ១៩ផង។
លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បានសង្កត់ធ្ងន់លើការធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតនៅទូទាំងពិភពលោក ទន្ទឹមនឹងការប្រយុទ្ធនឹងឧក្រិដ្ឋកម្មអ៊ីនធឺណេត ធ្វើការការពារសិទ្ធិមនុស្ស និងបញ្ចៀសមិនឲ្យមានសង្គ្រាមត្រជាក់ថ្មី ជាមួយបច្ចាមិត្តនានា ដូចជារុស្ស៊ីនិងកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក នឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងដឹកនាំទៅមុខជាមួយគុណសម្បត្តិរបស់យើងនិងភាពខ្លាំងរបស់យើង ដើម្បីក្រោកឈរសម្រាប់សម្ពន្ធមិត្ត និងមិត្តរបស់យើង ព្រមទាំងប្រឆាំងនឹងការប៉ុនប៉ងពីប្រទេសខ្លាំងជាង ក្នុងការគ្របសង្កត់លើប្រទេសខ្សោយជាង តាមរយៈការផ្លាស់ប្តូរទឹកដីដោយកម្លាំង ឬក៏ដោយព័ត៌មានមិនពិត”។
“អ្វីដែលយើងមិនកំពុងស្វះស្វែងឲ្យមាននោះ គឺសង្គ្រាមត្រជាក់ថ្មី ឬក៏ពិភពលោកដែលបែកបាក់ទៅជាប្លុកផ្សេងៗគ្នា។ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការងារជាមួយប្រទេសណាមួយ ដែលបោះជំហានទៅមុខនិងបន្តដោះស្រាយដោយសន្តិវិធី ចំពោះភាពលំបាករួម បើទោះបីជាយើងមានការខ្វែងគំនិតគ្នាខ្លាំងក្លា ក្នុងចំណុចផ្សេងៗក៏ដោយ”៕