ព័ត៌មានអន្តរជាតិ

ចិន ជំទាស់មិនឲ្យតៃវ៉ាន់ ចូលរួមក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ប៉ាស៊ីហ្វិក

បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានធ្វើការប្រឆាំងមិនឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វិកដ៏ធំមួយ ក្រោយត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងប៉េកាំងនិយាយថា ចង់ក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន IB Times នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កោះតៃវ៉ាន់បានធ្វើការចរចា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបានចូលរួម ក្នុងកិច្ចព្រមព្រៀងនោះ និងបានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនទើបបានដាក់ពាក្យស្នើជាផ្លូវការ។

មន្ត្រីនាំពាក្យទីស្តី ការគណៈរដ្ឋមន្ត្រីតៃវ៉ាន់ លោក Lo Ping-cheng បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “តៃវ៉ាន់មិនអាចត្រូវគេបោះបង់ចោល នៅក្នុងពិភពលោកនោះទេ និងចាំបាច់ត្រូវតែធ្វើការ ចូលរួមក្នុងសេដ្ឋកិច្ចក្នុងតំបន់”។

ប៉ុន្តែប្រទេសចិន ដែលអះអាងតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួននោះ បាននិយាយថា ទីក្រុងតៃប៉ិ មិនគួរត្រូវបានអនុញ្ញាតឲ្យ ចូលរួមនោះទេ។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងប្រឆាំងដាច់ខាត ចំពោះប្រទេសណាមួយ ដែលមានការដោះដូរគ្នា ផ្លូវការជាមួយតៃវ៉ា់ន់ និងប្រឆាំងដាច់ខាតមិន ឲ្យតំបន់តៃវ៉ាន់ចូលរួម ក្នុងសន្ធិសញ្ញាផ្លូវការ ឬក៏អង្គការណាមួយនោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top