បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានសរសេរក្នុងលិខិតអបអរសាទរមួយ ជូនដល់មេដឹកនំាទើបជាប់ឆ្នោតថ្មី របស់គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ ដែលបានប្តេជ្ញាបន្តកិច្ចពិភាក្សាគ្នា ជាមួយទីក្រុងប៉េកាំង។
គណបក្ស Kuomintang របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបោះឆ្នោតជ្រើសរើស អតីតអភិបាលក្រុមតៃប៉ិថ្មី លោក Eric Chu ឲ្យធ្វើជាមេដឹកនាំខ្លួន។ លោក Eric Chu ធ្លាប់បាននិយាយថា លោកនឹងបង្កើនទំនាក់ទំនងលំដាប់ខ្ពស់ ជាមួយបក្សកុម្មុយនិស្តចិន។
នៅក្នុងលិខិតនោះ លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ភាគីទាំងពីរ មានទំនាក់ទំនងគ្នាល្អ ផ្អែកលើការប្រឆាំងរួមគ្នាចំពោះភាពឯករាជ្យរបស់តៃវ៉ាន់។ នៅក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺមានភាពស្មុគស្មាញ និងអាប់អួរ ហើយកូនចៅនៃជាតិចិន ត្រូវតែធ្វើការងាររួមគ្នាដោយមានចិត្តតែមួយ និងបោះជំហានទៅមុខរួមគ្នា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Insider Vioce នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីចិនរូបនេះ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីទាំងពីរអាចធ្វើសហប្រតិបត្តិការ ក្នុងដំណើរស្វែងរកសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយការស្វះស្វែងឲ្យមានការរួបរួមសាមគ្គីជាតិជាថ្មី និងស្វែងរកការរស់រាននៃជាតិ៕
ប្រែសម្រួល៖ប៉ាង កុង