ព័ត៌មានអន្តរជាតិ

ចិន ព្រមានប្រទេស អូស្ត្រាលី ឥណ្ឌា និងជប៉ុន ឱ្យមើលឧទារណ៍ របស់អាហ្វហ្គានីស្ថាន បើសិនដើរតាម អាមេរិក

បរទេស៖ មេដឹកនាំមកពីអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិកបានធ្វើការពិភាក្សាលើបញ្ហា ជាច្រើនរួមទាំងសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការវ៉ាក់សាំងប្រឆាំងកូវីដ ក៏ដូចជាស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងនៃ « ការសន្ទនាសន្តិសុខ៤ប្រទេស» ដែលរៀបចំឡើងនៅ សេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបានព្រមានប្រទេសប្រជាធិបតេយ្យនៅអាស៊ី រួមមាន ប្រទេសអូស្រ្តាលី ឥណ្ឌានិង ប្រទេសជប៉ុនថា សហរដ្ឋអាមេរិកនឹង “ បោះចោល” ពួកគេ ដូចជា“ សំរាម” ដែលជាវិធីបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ដែលសំដៅលើការដកកងទ័ពចេញពីតំបន់។

ការព្រមាននេះត្រូវបានបន្លឺឡើង នៅក្នុងកាសែត Global Times ដែលគាំទ្រដោយរដ្ឋចិន ខណៈដែលប្រមុខនៃក្រុមប្រទេសទាំងបួន បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់កិច្ចប្រជុំកំពូល ដោយផ្ទាល់ជាលើកដំបូងនៅថ្ងៃទី ២៤ ខែកញ្ញា។ កិច្ចប្រជុំកំពូលនៅសេតវិមានត្រូវបានរៀបចំឡើងដោយប្រធានាធិបតីអាមេរិកលោកចូបៃដិន និងមានការចូលរួមពីនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី, នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា និងសមភាគីអូស្ត្រាលីលោក ស្កតម៉ូរីសុន។

សារព័ត៌មាន Global Times បានដកស្រង់សម្តីអ្នកវិភាគដែលនិយាយថា«ប្រសិនបើជប៉ុន ឥណ្ឌា និង អូស្ត្រាលី ដើរទៅតាមគន្លងយុទ្ធសាស្ត្រ របស់អាមេរិកក្នុងការទប់ចិន នោះពួកគេនឹងក្លាយជាចំណីកាណុងអាមេរិក ព្រោះចិននឹងការពារផលប្រយោជន៍របស់ខ្លួន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top