ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង រិះគន់មេដឹកនាំ Quad ចំពោះការនិយាយ បំផ្លើសថា ជាការគំរាមកំហែង របស់ចិន

ប៉េកាំង ៖ សេចក្តីថ្លែងការណ៍ ដែលចេញបន្ទាប់ពីកិច្ចប្រជុំ មិនបាននិយាយដោយផ្ទាល់ ពីប្រទេសចិននោះទេ ប៉ុន្តែរបៀបវារៈរបស់ ពួកគេច្បាស់ ជាជាប់ទាក់ទងនឹង ការកើនឡើង នៃអំណាចអាស៊ីមួយនេះ រួមទាំងការទាមទារទឹកដី របស់ខ្លួន នៅក្នុងដែនទឹកជុំវិញក៏ដូចជា ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ។

អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី ហួ ឈុនយីង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានលូកដៃចូល កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ដោយឥតលាក់លៀម ដែលនឹងប៉ះពាល់ដល់សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការនៅក្នុងសហគមន៍អន្តរជាតិ។

លោកស្រីហួ បានលើកឡើងថា ការអភិវឌ្ឍន៍របស់ចិន គឺជាការរីកចម្រើន នៃអំណាច សម្រាប់សន្តិភាពពិភពលោក និងដំណឹងល្អ នៃភាពរុងរឿងក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន ។

The Quad មានដើមកំណើត នៅឆ្នាំ២០០៤ ដើម្បីឆ្លើយតបទៅនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ប៉ុន្តែក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រុមនេះទទួលបាននូវការ ចាប់អារម្មណ៍ជាការប្រឆាំង ទៅនឹងការកើនឡើង ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងរវាងចិន និងអាមេរិកកំពុងកើនឡើង ។

លោក បៃដិន បានសង្កត់ធ្ងន់លើ Quad ជាផ្នែកមួយនៃ“ ការកំណត់រចនាសម្ព័ន្ធថ្មី” ដែលត្រូវបានរចនាឡើង ដើម្បីដោះស្រាយបញ្ហាប្រឈម នៃសតវត្សនេះ រួមជាមួយភាពជាដៃគូសន្តិសុខ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលទើបតែចាប់ផ្តើមរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា AUKUS៕
ដោយ ឈូក បូរ៉ា

To Top