បរទេស៖អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការច្រានចោលសំណើអាមេរិក ដែលសុំឲ្យមន្ត្រីត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ចូលទៅកន្លែងនុយក្លេអ៊ែ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្មានគុណសម្បត្តិទាមទារឲ្យមានការត្រួតពិនិត្យ ដោយគ្មានការថ្កោលទោស ចំពោះការវាយប្រហារបំផ្លាញលើទីតាំងនោះទេ។
លោក Mohammad Eslami ជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងអំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូដូច្នេះថា “ប្រទេសនានា ដែលមិនបានថ្កោលទោសចំពោះទង្វើភេរវកម្ម ទៅលើទីតាំងនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ គឺគ្មានគុណសម្បត្តិ ដើម្បីផ្តល់យោបល់ឲ្យមានការត្រួតពិនិត្យមើលទីនោះទេ”។
សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ ត្រូវតែឈប់បដិសេធមិនឲ្យមន្ត្រឃ្លាំមើលនុយក្លេអ៊ែអង្គការសហប្រជាជាតិ ចូលទៅកាន់កន្លែងផលិតគ្រឿងបន្លាស់ម៉ាស៊ីនបំបែកសារធាតុ តាមដែលបានព្រមព្រៀងគ្នា កាលពី២សប្ដាហ៍មុនទៀត បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការសងសឹកការទូត នៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារនេះ។
គួរបញ្ជាក់ថា ការងារនៅកន្លែងអគារ TESA Karaj ធ្វើការផលិតគ្រឿងផ្គុំសម្រាប់ម៉ាស៊ីនបំបែកសារធាតុ ដែលជាម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានទទួលរងការវាយប្រហារកាលពីខែមិថុនា ហើយក្នុងអំឡុងនោះ កាម៉េរ៉ាមួយក្នុងចំណោមកាម៉េរ៉ា៤គ្រឿងនៅទីនោះ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានរងការបំផ្លាញ់៕ប្រែសម្រួល៖ប៉ាង កុង