បរទេស៖ បើយោងតាមប៉ូលីសបាងកក គឺថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ នឹងបន្ត ប៉ុន្តែនឹងថយចុះក្នុងពេលដែលក្រុមអ្នកតវ៉ាទាំងនោះ ប្រឈមមុខនឹងវិធានការច្បាប់តឹងរ៉ឹង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tavichai ស្នងការរងនៃស្នងការដ្ឋានប៉ូលីសក្រុងបាងកក បាននិយាយនៅថ្ងៃពុធនេះថា ក្រុម Thalu Fah ត្រូវបានគេរំពឹងថា នឹងធ្វើបាតុកម្មមួយទៀតនៅចំនុចប្រសព្វ Nang Leong នៅវេលាម៉ោង ៤ រសៀល ហើយក៏ព្យាយាមដើរក្បួនឆ្ពោះទៅវិមានរដ្ឋាភិបាល ផងដែរ។
ក្រុមនេះបានតវ៉ានៅកន្លែងដដែលកាលពីថ្ងៃអង្គារ ហើយព្យាយាមចូលទៅជិតវិមានរដ្ឋាភិបាល។ លោកបាននិយាយថា ប៉ូលីសបានបញ្ឈប់ពួកគេនិងចាប់ខ្លួនមនុស្ស ៩ នាក់ពីបទជួបជុំខុសច្បាប់ ដែលបង្កឱ្យមានការរំជើបរំជួល និងរំលោភលើច្បាប់គ្រប់គ្រងជំងឺ។
ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក បាងកក រូបនេះ បញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក ប៉ូលីសបានចាប់ខ្លួនអ្នកតវ៉ាចំនួន ៦៣៣ នាក់ពីបទរំលោភច្បាប់៕ប្រែសម្រួលៈ ណៃ តុលា