ព័ត៌មានអន្តរជាតិ

យោធាមីយ៉ានម៉ា ទទួលខុសត្រូវចំពោះ វិបត្តិសេដ្ឋកិច្ច

បរទេស៖មន្ត្រីនំាពាក្យយោធាមីយ៉ានម៉ាមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាសេដ្ឋកិច្ចកំពុងកើតមាននៅមីយ៉ានម៉ា គឺបង្កឡើងដោយកត្តាខាងក្រៅ និងរលកពីរនៃការឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលយោធា ទទួលខុសត្រូវទាំងស្រុង និងកំពុងប្រឹងប្រែងធ្វើការដើម្បីដោះស្រាយ។

ថ្លែងបន្ទាប់ពីរូបិយវត្ថុមីយ៉ានម៉ា ធ្លាក់ចុះដល់កម្រិតទាបថ្មី នៅក្នុងសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រុមប្រឹក្សាយោធា លោក Zaw Min Tun បានមានប្រសាសន៍ថា ធនាគារកណ្ដាល មិនអាចបំពេញតម្រុវការក្នុងស្រុកសម្រាប់ប្រាក់ដុល្លារនោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Zaw Min Tun បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “រដ្ឋាភិបាលកំពុងតែធ្វើការអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយស្ថានភាពនេះ ឲ្យបានល្អបំផុតតាមដែលអាចទៅរួច។

ដោយវាបានកើតមាន ក្រោមរដ្ឋាភិបាលនេះនោះ រដ្ឋាភិបាលបច្ចុប្បន្ន នឹងចាំបាច់ត្រូវតែទទួលខុសត្រូវ”។
គួរបញ្ជាក់ថា រូបិយវត្ថុរបស់ប្រទេសមីយ៉ានម៉ា បានបាត់បង់ជាង៦០ភាគរយនៃតម្លៃរបស់វា ចាប់តាំងពីដើមខែកញ្ញាមក បណ្ដាលឲ្យថ្លៃអាហារនិងប្រេងសាំងឡើងថ្លៃ ក្នុងសេដ្ឋកិច្ចមួយ ដែលបានលិចចុះចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក៕ប្រែសម្រួល៖ប៉ាង កុង


To Top