បរទេស៖ AidData ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ នៅក្នុងកំណែចុងក្រោយរបស់ខ្លួននៃ Global Chinese Official Finance Dataset ថា បំណុលចិនដែលមានចំនួន ៣៨៥ពាន់លានដុល្លារ ដល់ប្រទេសដទៃទៀត ត្រូវបានលាក់បាំង ពីធនាគារពិភពលោក និង មូលនិធិរូបិយបណ្ឌអន្តរជាតិ ឬ IMF ដោយសារវិធីនៃការរៀបចំ រចនាសម្ព័ន្ធប្រាក់កម្ចី។ របាយការណ៍នេះ ក៏បានចោទប្រកាន់ផងដែរថា ផ្នែកសំខាន់មួយនៃហិរញ្ញប្បទាន អភិវឌ្ឍន៍របស់ចិន នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានផ្សំឡើងដោយ ប្រាក់កម្ចីមានការប្រាក់ខ្ពស់។
យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ AidData អះអាងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើឱ្យហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្រៅប្រទេសរបស់ខ្លួនមិនមានតម្លាភាព។ បើតាមរបាយការណ៍ គឺថា ប្រទេសចិនបានរាយការណ៍ អំពីបំណុលរបស់ខ្លួនជាប្រព័ន្ធ (តិចជាងចំនួនរកបាន) ដល់ប្រព័ន្ធរាយការណ៍បំណុល របស់ធនាគារពិភពលោក តាមរយៈការផ្តល់ប្រាក់កម្ចី ដល់ក្រុមហ៊ុនឯកជន នៅក្នុងប្រទេសដែល មានចំណូលមធ្យមកម្រិតទាប ដោយប្រើប្រាស់មធ្យោបាយ គោលបំណងពិសេស (SPVs) ជាជាងទៅស្ថាប័នរដ្ឋ។
នេះបានបង្កការលំបាកដល់កូនបំណុល និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ក្នុងការវាយតម្លៃថ្លៃដើម និងអត្ថប្រយោជន៍នៃ ការចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ។ វាក៏បង្កើនលទ្ធភាពឱ្យកូនបំណុល ធ្លាក់ក្នុងអន្ទាក់បំណុល ដោយមានវិធីតែមួយគត់ ដើម្បីងើបឡើងវិញដោយ លក់ទ្រព្យសម្បត្តិសំខាន់ ភូមិសាស្ត្រនយោបាយទៅឱ្យចិន។
របាយការណ៍បន្តទៀតថា ដោយសារតែបំណុល របស់ប្រទេសចិនក្រោមបដា នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឥឡូវនេះគឺមានប្រទេសចំនួន ៤២ ហើយ ដែលមានកម្រិតបំណុល សាធារណៈចំពោះប្រទេសចិនលើសពី ១០% នៃផលិតផលក្នុងស្រុកសរុប។ ឧទាហរណ៍គម្រោងផ្លូវដែកចិន-ឡាវ ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារចិន China Exim ដែលមានតម្លៃ ៥,៩ ពាន់លានដុល្លារ ស្មើនឹងប្រហែលមួយភាគបី នៃផលិតផលក្នុង ស្រុកសរុបរបស់ឡាវ ត្រូវបានផ្តល់មូលនិធិទាំងស្រុង ដោយបំណុលលាក់កំបាំង។
លោក Bradley C. Parks នាយកប្រតិបត្តិនៃ AidData នៅមហាវិទ្យាល័យ William and Mary បាននិយាយថា ធនាគារពិភពលោក និង IMF បានដឹងអំពីបញ្ហានេះរួចហើយ។ លោកបានប្រាប់ Nikkei Asia ថា របាយការណ៍ថ្មីនេះ បានកំណត់ទំហំនៃបញ្ហា។
លោក Bradley C. Parks ដែលជាសហអ្នកនិពន្ធម្នាក់ នៃរបាយការណ៍នេះផងដែរ បាននិយាយថា «យើងប៉ាន់ប្រមាណថា រដ្ឋាភិបាលជាមធ្យម កំពុងរាយការណ៍អំពី កាតព្វកិច្ចសងជាក់ស្តែង និងសក្តានុពលសងបំណុល របស់ខ្លួនចំពោះប្រទេសចិន ដោយចំនួនដែលស្មើនឹង ៥,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ផ្អែកលើការប៉ាន់ប្រមាណដែល មិនបានរាយការណ៍ ជាលក្ខណៈបុគ្គលសម្រាប់ ១៦៥ប្រទេស»។
របាយការណ៍នេះក៏បង្ហាញ ឱ្យឃើញនូវការចាប់អារម្មណ៍ ខ្លះផងដែរអំពីហិរញ្ញប្បទាន អភិវឌ្ឍន៍របស់ចិននៅប៉ាគីស្ថាន នៅក្នុងបរិបទនៃ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាផ្នែកមួយនៃខ្សែក្រវ៉ាត់និងផ្លូវ ចំនួន ៥០ ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ នៅចន្លោះឆ្នាំ ២០០០ និង ២០១៧ ប្រទេសចិនបានធ្វើការប្តេជ្ញាចិត្ត សរុបដែលមានតម្លៃ ៣៤.៣ ពាន់លានដុល្លារ សម្រាប់ហិរញ្ញប្បទានអភិវឌ្ឍន៍ នៅប៉ាគីស្ថានក្នុងនោះ យ៉ាងហោចណាស់ ២៧,៨ ពាន់លានដុល្លារគឺជា ប្រាក់កម្ចីពាណិជ្ជកម្មផ្លូវការ ដែលមានសម្បទានមានកំណត់។
របាយការណ៍នេះក៏និយាយផងដែរថា ប្រាក់កម្ចីរបស់ចិនទៅឱ្យ ប៉ាគីស្ថានមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រាក់កម្ចី ដែលផ្តល់ដោយគណៈកម្មាធិការ ជំនួយអភិវឌ្ឍ៍របស់អង្គការអភិវឌ្ឍន៍ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD-DAC) និងម្ចាស់បំណុលពហុភាគី ដល់ប្រទេសប៉ាគីស្ថាន។ ប្រាក់កម្ចីចិនជាមធ្យមដល់ ប្រទេសប៉ាគីស្ថាន មានអត្រាការប្រាក់ ៣,៧៦% រយៈពេលកាលកំណត់ ១៣,២ ឆ្នាំ និងរយៈពេលអនុគ្រោះ ៤,៣ ឆ្នាំ។
Ammar Malik អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ ជាន់ខ្ពស់របស់ AidData ដែលដឹកនាំកម្មវិធីលំហូររបាយការណ៍ ហិរញ្ញវត្ថុដែលបាន រាយការណ៍បានប្រាប់ Nikkei គឺថា ជាចំណុចនៃការប្រៀបធៀបមួយ គឺប្រាក់កម្ចីធម្មតាពីអ្នកផ្តល់ប្រាក់កម្ចី OECD-DAC ដូចជា ប្រទេសអាល្លឺម៉ ង់បារាំង ឬជប៉ុន មានអត្រាការប្រាក់ ១.១% និងរយៈពេលសងត្រលប់ ២៨ ឆ្នាំ ដែលមានលក្ខណៈសប្បុរសជាងអ្វី ដែលចិនបានផ្តល់ជូនរដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ។
ថ្វីបើថ្លៃដើមខ្ពស់ក៏ដោយ ក៏ប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ដូចជាប៉ាគីស្ថានទទួល យកប្រាក់កម្ចីដែលផ្តល់ដោយចិន ដល់អង្គភាពឯកជន នៅក្នុងប្រទេសរបស់ពួកគេ។ អ្នកជំនាញជឿជាក់ថា ប្រទេសទាំងនេះទទួលយកប្រាក់កម្ចី ព្រោះពួកគេមិនបង្ហាញ នៅក្នុងតារាងតុល្យការរបស់ពួកគេ។
លោក Parks បន្តថា «ការខ្ចីប្រាក់តាមរយៈមធ្យោបាយ ដែលមានគោលបំណងពិសេស និងការបណ្តាក់ទុនរួមគ្នា ក្រោមការរៀបចំតារាងតុល្យការ ផ្តល់នូវវិធីមួយសម្រាប់រដ្ឋាភិបាល ដែលមានប្រាក់ចំណូលទាបឬមធ្យម ដើម្បីជួយសម្រួលដល់ ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈធំៗ ដោយមិនខាតក្នុង ការកំណត់បំណុល»។
ខណៈពេលដែលរបាយការណ៍របស់ AidData ត្រូវបានផ្អែកលើទិន្នន័យ ដែលអាចរកបានរហូតដល់ឆ្នាំ ២០១៧ អ្នកជំនាញជឿជាក់ថា មិនមានការផ្លាស់ប្តូរធំដុំណាមួយ ក្នុងការកំណត់ប្រាក់កម្ចី ពីស្ថាប័នសាធារណៈ នៅក្នុងប្រទេសចិនឡើយ។ លោក Parks បន្ថែមថា « ធនាគាររដ្ឋរបស់ទីក្រុងប៉េកាំង បានផ្តល់អាទិភាពជាប់លាប់ ចំពោះគម្រោងដែលរកប្រាក់ចំណេញ គម្រោងបង្កើតប្រាក់ចំណូល ហើយធនាគារដែល គ្រប់គ្រងដោយរដ្ឋចិន កំពុងផ្តល់ទិន្នផល អតិបរមាជំនួសរដ្ឋ»។
ទោះបីជាមានការចេញផ្សាយ របាយការណ៍នេះក៏ដោយ ក៏លំនាំហិរញ្ញប្បទានអភិវឌ្ឍន៍ចិន នៅប៉ាគីស្ថានទំនងជា មិនផ្លាស់ប្តូរនោះទេ។
មន្រ្តីម្នាក់ដែលមានទំនាក់ទំនង ជាមួយគម្រោង CPEC នៅប៉ាគីស្ថានបានប្រាប់ Nikkei ក្នុងលក្ខខណ្ឌអនាមិកថា នៅក្នុងកិច្ចប្រជុំ JCC (គណៈកម្មាធិការ សហប្រតិបត្តិការរួម) លើកទី ១០ របស់ CPEC (សប្តាហ៍មុន) ប៉ាគីស្ថានបានសម្រេចចិត្ត ប្រឆាំងនឹងការចរចាឡើងវិញ អំពីលក្ខខណ្ឌនៃគម្រោង ថាមពលដែលមានតម្លៃ ១៥ ពាន់លានដុល្លារ ដែលដំបូងត្រូវបានចាត់ទុកថា មានតម្លៃថ្លៃ ព្រោះប៉ាគីស្ថានត្រូវការ ហិរញ្ញវត្ថុពីប្រទេសចិន។
មន្ត្រីរូបនេះបានបន្ថែមថា ប៉ាគីស្ថាននឹងបន្តពឹងផ្អែកលើ រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ទោះបីជាលក្ខខណ្ឌរបស់វា មិនមានសម្បទានក៏ដោយ ព្រោះប្រទេស G-7 និងម្ចាស់បំណុលដទៃទៀត មិនមានចិត្តសប្បុរសឡើយ នៅពេលនិយាយអំពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ប៉ាគីស្ថាន។
លោក Jeremy Garlick សហការីនៃទំនាក់ទំនង អន្តរជាតិនៅសាកលវិទ្យាល័យសេដ្ឋកិច្ច Prague បាននិយាយថា ប្រទេសប៉ាគីស្ថាន ខ្វះខាតសាច់ប្រាក់ និងស្វែងរកការវិនិយោគ ជាច្រើនទសវត្សមកហើយ។ លោកបានប្រាប់ Nikkei ថា“ ប្រាក់កម្ចីរបស់ចិនមានតម្លៃថ្លៃជាង ប៉ុន្តែប៉ាគីស្ថានបានស្វែងរក ពួកគេយ៉ាងសកម្ម ៕
ប្រែសម្រួលៈ ណៃ តុលា