បរទេស៖ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអាមេរិកជម្លៀសមាន ចំនួនជាច្រើនរយនាក់ កំពុងតែធ្វើដំណើរចាកចេញពី មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅមុនពេលដែល ទទួលបានទីលំនៅថ្មី ហើយនេះគឺជារឿង ដែលគេមិនរំពឹងទុក កំពុងកើតឡើងនៅ មូលដ្ឋានយោធាមេរិក ដែលទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនំាពាក្យក្រសួងសន្តិសុខ ផ្ទៃប្រទេសអាមេរិក បានបដិសេធមិនផ្តល់ សេចក្តីអត្ថាធិប្បាយ ស្តីពីចំនួនប្រជាជនអាហ្វហ្គានីស្ថាន ចាកចេញនោះទេ ប៉ុន្តែបាននិយាយថា អ្នកដែលធ្វើដំណើរ ចាកចេញពីមូលដ្ឋានយោធានោះ ជាទូទៅមានទំនាក់ទំនង នឹងសហរដ្ឋអាមេរិក ដូចជាសមាជិកគ្រួសាររបស់មិត្តភក្តិ និងមានធនធានឧបត្ថម្ភខ្លួនឯង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិកមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ដូច្នេះថា “វាជាហ្វូងមនុស្សដ៏ធំ ហើយនេះអាចនាំឲ្យមានបញ្ហា ស្ថានភាពអន្តោប្រវេសន៍ ដ៏អាក្រក់ជាច្រើនឆ្នាំ”។
អ្នកជំនាញអន្តោប្រវេសន៍និយាយថា ប្រជាជនអាហ្វហ្គានីស្ថាន ដែលចាកចេញពីមូលដ្ឋានយោធា មិនល្មើសច្បាប់អាមេរិកទេ ហើយមន្ត្រីយោធា គ្មានសិទ្ធិអំណាច រារាំងប្រជាជនអាហ្វហ្គានីស្ថាន ដែលគោរពច្បាប់ នៅទីតាំងចំនួន៨ណាមួយ ដែលទទួលពលរដ្ឋអាហ្វហ្កានី ស្ថានចំនួន ៥៣.០០០នាក់ ៕
ប្រែសម្រួល៖ ប៉ាង កុង
