ព័ត៌មានអន្តរជាតិ

ចិន ប្រារព្ធធ្វើទិវាជាតិ ជាមួយសកម្មភាពដែនអាកាស ដ៏ធំនៅជិតតៃវ៉ាន់

បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។

កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ តំបន់ការពារដែនអាកាស ក្បែរក្រុមកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Jakarta Post នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយប្រាប់ថា បេសកកម្មចិនដ៏ថ្មីបំផុតនេះ មានយន្តហោះចម្បាំង J-16 ចំនួន១៨គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ H-6 ចំនួន២គ្រឿង និងយន្តហោះប្រឆាំង នាវាមុជទឹកមួយគ្រឿង។

គួរបញ្ជា់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តៃវ៉ាន់បានចោទប្រកាន់ចិន ពីបទសម្លុតគម្រាម ក្រោយទីក្រុងប៉េកាំងបានបញ្ជូន យន្តហោះចម្បាំងសរុបចំនួន ២៤គ្រឿង ចូលទៅក្នុងតំបន់កំណត់ ការពារដែនអាកាសតៃវ៉ាន់ ស្របពេលមានភាពតានតឹងខ្លាំង រវាងទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top