ព័ត៌មានអន្តរជាតិ

ក្រុងហូជីមិញ ត្រៀមឡានក្រុង ១១៣គ្រឿង ដឹកប្រជាជន ទៅស្រុកកំណើតវិញ ក្រោយពីពួកគេ ព្យាយាមសម្រុកចេញ ពីទីក្រុង ពេលបារ៉ាស រាំងផ្លូវត្រូវដកចេញ

បរទេស៖ ដើម្បីការពារអ្នកចំណាកស្រុក មិនឱ្យចាកចេញពីទីក្រុងហូជីមិញ ដោយគ្មានការត្រួតពិនិត្យនោះ គឺរដ្ឋាភិបាលទីក្រុង ហូជីមិញ បានរៀបចំឡានក្រុងចំនួន ១១៣ គ្រឿង នៅច្រកទ្វាររបស់ខ្លួនដើម្បីយកពួកគេទៅផ្ទះវិញ។ ឡានក្រុងនីមួយៗអាចដឹកអ្នកដំណើរបានពី ៤០-៨០ នាក់ ហើយបានឈរជើងតាំងពីរសៀលថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការរៀបចំឡានក្រុងចំនួន ១១៣ គ្រឿងនេះ បានកើតឡើងបន្ទាប់ពីមនុស្សរាប់ពាន់នាក់ ដែលជាអ្នកចំណាកស្រុកមកពីខេត្តផ្សេង នៅក្នុងប្រទេសវៀតណាម បានព្យាយាមចាកចេញពីទីក្រុងហូជីមិញ ទៅស្រុកកំណើតរបស់ពួកគេវិញ ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងនេះបានចាប់ផ្តើមរុះរើរបាំងតាមដងផ្លូវ និងប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីត្រៀមខ្លួនសម្រាប់ការបើកឡើងវិញ ហើយក្នុងពេលជាមួយគ្នានេះដែរតំបន់ជាច្រើនបានប្រកាស ដើម្បីបន្ធូរបន្ថយការរឹតត្បិត Covid-19 ផងដែរ។

ពួកគេភាគច្រើនបាននិយាយថា ពួកគេបាត់បង់ការងារ ហើយឥឡូវនេះអស់លុយហើយ បន្ទាប់ពីស្នាក់នៅរយៈពេល ៤ ខែក្រោមវិធានការគម្លាតសង្គមនៅទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាលនៃរលកផ្ទុះ Covid-19 ថ្មីបំផុតរបស់វៀតណាម។ ឥឡូវនេះការត្រលប់ទៅផ្ទះវិញ គឺជាដំណោះស្រាយតែមួយគត់របស់ពួកគេពីព្រោះពួកគេ យ៉ាងហោចណាស់អាចរួចផុតពីថ្លៃជួលផ្ទះ។

ទោះយ៉ាងណាក៏ដោយដោយសារជំងឺរាតត្បាត Covid-19 ទើបតែចាប់ផ្តើមគ្រប់គ្រងនៅទីក្រុងហូជីមិញ អាជ្ញាធរមិនទាន់អនុញ្ញាតឱ្យនរណាម្នាក់ ចាកចេញពីទីក្រុងដោយគ្មានការត្រួតពិនិត្យទេ ដោយបារម្ភថា តើវាអាចបង្កហានិភ័យដល់តំបន់ផ្សេងទៀត ដែលអត្រាចាក់វ៉ាក់សាំងនៅតែទាប៕ ប្រែសម្រួលៈ ណៃ តុលា

To Top