ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារំាង នឹងពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក ដើម្បីស្តារទំនុកចិត្ត

បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ ស្របពេលដែលប្រទេសទាំងពីរ មានគោលបំណងកសាងឡើងវិញ នូវចំណងមិត្តភាព ការទូត ក្រោយជម្លោះជុំវិញកុងត្រា នាវាមុជទឹកមួយ ដែលបារាំងបានបាត់បង់ ។

ការិយាល័យ របស់រដ្ឋមន្រ្តីការបរទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីទាំងពីរ នឹងប្រារព្ធកិច្ចពិភាក្សាគ្នា យ៉ាងស៊ីជម្រៅ បន្ទាប់ពីជំនួបគ្នា ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ ក្នុងគោលបំណងកំណត់ វិធានការ ដែលនឹងត្រូវការជាចាំបាច់ ក្នុងការបង្កើតឡើងវិញ នូវទំនុកចិត្ត រវងប្រទេសទាំងពីរ ។

ចំណងមិត្តភាពការទូត រវាងសហរដ្ឋអាមេរិក និងបារាំង បានធ្លាក់ដល់ចំណុចទាបបំផុត កាលពីខែមុន ក្រោយអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀង នាវាមុជទឹកជាមួយ បារាំង មានទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ ហើយជំនួស មកវិញ ដោយកសាង នាវាមុជទឹក ដើរដោយថាមពល នុយក្លេអ៊ែ យ៉ាងតិច៨គ្រឿង ជាមួយបច្ចេកវិទ្យា សហរដ្ឋអាមេរិកនិងអង់គ្លេស ។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចទីក្រុងប៉ារីស ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ហើយនឹងចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមក ពីអង្គការសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD ក៏ដូចជាប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយមន្ត្រីបារាំង នានាផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top