ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ប្រកាសឈប់ប្រឡូក ក្នុងឆាកនយោបាយ

ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២0២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនឈរឈ្មោះ ជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នោះទេ ហើយនឹង ចូលនិវត្តន៍ពីនយោបាយ ។

លោកឌូតឺតេ អាយុ៧៦ឆ្នាំ បានប្រាប់អ្នកកាសែត នៅទីតាំងគណៈកម្មការរៀបចំការបោះឆ្នោត នៅទីក្រុងម៉ានីលថា “ថ្ងៃនេះខ្ញុំប្រកាសចូល និវត្តន៍ពីនយោបាយ” ។

នៅក្នុងសេចក្តីប្រកាស ដ៏ភ្ញាក់ផ្អើលរបស់លោក លោក ឌូតឺតេ បានថ្លែងថា លោកកំពុងស្តាប់តាមមនោសញ្ចេតនា ដ៏លើសលប់របស់ប្រជាជន ហ្វីលីពីន ដែលចង់ឲ្យលោកឈប់ ពីឆាកនយោបាយ ។

លោក ឌូតឺតេ បានថ្លែងថា “អារម្មណ៍ជាទូទៅរបស់ប្រជាជនហ្វីលីពីន…គឺខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ វានឹងជាការរំលោភរដ្ឋធម្មនុញ្ញ ដើម្បីចៀសវាងច្បាប់ ស្មារតីនៃរដ្ឋធម្មនុញ្ញ ។ ឆន្ទៈរបស់ប្រជាជន” ។

លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតី បានលើកឡើង ថា លោក ឌូតឺតេ នឹងចំណាយពេលនៅសល់ នៃអាណត្តិរបស់លោក ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកការ ជាសះស្បើយក្រោយកូវីដ-១៩ ។

គួរបញ្ជាក់ថា អាណត្តិរបស់លោក ឌូតឺតេ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top