ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ បាញ់សម្លាប់សមាជិក ក្រុមជនជាតិភាគតិច Hazara យ៉ាងតិច ១៣ នាក់រួមទាំងក្មេងស្រី អាយុ ១៧ ឆ្នាំម្នាក់ផង

(បរទេស) យោងតាមរបាយការណ៍ថ្មីមួយ ពីអង្គការលើកលែងទោសអន្តរជាតិបាន ឲ្យដឹង ថា ក្រុមតាលីបង់បានសម្លាប់សមាជិក ក្រុមជនជាតិភាគតិច Hazara យ៉ាងតិច ១៣ នាក់រួមទាំងក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ផងដែរ នៅខេត្ត Daykundi ភាគកណ្តាល ភ្លាមៗបន្ទាប់ពីពួកគេ បានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ក្បួនរថយន្តរបស់ក្រុមយុទ្ធជនតាលីបង់ចំនួន ៣០០ នាក់ បានចូលទៅក្នុងស្រុក Khidr ហើយបានសម្លាប់អតីតសមាជិក កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) យ៉ាងតិច ១១ នាក់ ក្នុងនោះ ៩ នាក់ត្រូវបានគេនាំទៅអាងទន្លេក្បែរនោះ ដែលពួកគេត្រូវបានគេប្រហារជីវិតភ្លាមៗបន្ទាប់ពីបានចុះចាញ់។

ក្រុមសិទ្ធិមនុស្សបាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទៀតថា ក្មេងជំទង់ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា ម៉ាស៊ូម៉ា ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារបន្ទាប់ពីក្រុមតាលីបង់បានកំណត់គោលដៅទៅលើ កងកម្លាំងអាហ្វហ្គានីស្ថានដែលកំពុងព្យាយាមភៀសខ្លួនចេញពីតំបន់នោះ។

ជនស៊ីវិលម្នាក់ទៀតឈ្មោះ ហ្វាយ៉ាស ដែលទើបរៀបអាពាហ៍ពិពាហ៍ ក្នុងវ័យ ២០ ឆ្នាំរបស់គាត់ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវសម្លាប់ ដោយសារគ្រាប់កាំភ្លើង។

អង្គការលើកលែងទោសបាននិយាយថា សមាជិក ANSF ដែលត្រូវបានសម្លាប់មានអាយុចាប់ពី ២៦ ដល់ ៤៦ ។ ជនរងគ្រោះទាំងអស់គឺ ហាហ្សារ៉ា ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងកំឡុងពេលកាន់អំណាចដំបូងរបស់តាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top