ព័ត៌មានអន្តរជាតិ

Breaking៖ គ្រោះរញ្ជួយដី នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត ២០នាក់ និងរបួសជាង៤០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងមន្ត្រីបានឲ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារខេត្ត Balochistan ភាគនិរតី នៃប្រទេសប៉ាគីស្ថាន ។

អគ្គនាយកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តនៅ Balochistan Naseer Nasar បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា ជនរងគ្រោះ និងរបួសត្រូវបានរាយការណ៍ពីស្រុក Harnai នៃខេត្តនេះដែលផ្ទះជាច្រើនខ្នងបានដួលរលំបន្ទាប់ពីការរញ្ជួយដី ។

មន្រ្តីរូបនេះបាននិយាយថា ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ផ្សេងៗហើយបានចាប់ផ្តើមការងារជួយសង្គ្រោះ។

លោកបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត ដោយសារមនុស្សជាច្រើនត្រូវបានកប់ក្រោមគំនរបាក់បែក នៃផ្ទះដែលបាក់រលំ ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាកសព និងអ្នករងរបួសកំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ។

ការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្នត្រូវបានប្រកាស នៅក្នុងស្រុកដែលរងផលប៉ះពាល់នៅខេត្តខាងលើ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top