បរទេស៖ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា ចាប់ផ្តើមពីសប្ដាហ៍ក្រោយទៅ ខ្លួននឹងធ្វើការផ្តល់ទិដ្ឋាការទេសចរណ៍ ដល់ជនជាតិបរទេស សម្រាប់ជាលើកដំបូង នៅក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។
ក្រសួងកិច្ចការផ្ទៃប្រទេសរបស់ឥណ្ឌា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ជនបរទេស ដែលធ្វើដំណើរមកដល់តាមជើងយន្តហោះ នឹងទទួលបានទិដ្ឋាការទេសចរណ៍ ចាប់ពីថ្ងៃទី១៥ ខែតុលា ចំណែកអ្នកដែលធ្វើដំណើរមកតាមមធ្យោបាយដទៃ អាចនឹងទទួលបានទិដ្ឋាការ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។
សេចក្តីថ្លែងការណ៍ក្រសួងនេះ ក៏បាននិយាយប្រាប់ផងដែរថា “ក្រោយធ្វើការពិចារណាលើលំហូចូលផ្សេងៗ ក្រសួងកិច្ចការផ្ទៃប្រទេស បានសម្រេចចិត្តចាប់ផ្តើមធ្វើការផ្តល់ជូនទិដ្ឋាការទេសចរណ៍ថ្មីៗ សម្រាប់ជនបរទេស ដែលធ្វើដំណើរមកកាន់ប្រទេសឥណ្ឌា”។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានផ្អាកទិដ្ឋាការស្ទើរតែទាំងអស់ នៅក្នុងខែមីនាឆ្នាំមុន ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ ធ្វើការបិទវិស័យទេសចរណ៍ ជាឧស្សាហកម្មដ៏ធំមួយសម្រាប់ប្រទេសនេះ ដែលមានទំហំទឹកប្រាក់២៣៤លានដុល្លារ នៅក្នុងឆ្នាំ២០១៨ ជាពេលដែលមានភ្ញៀវទេសចរជាង១០,៥លាននាក់ធ្វើដំណើរកំសាន្ត នេះបើយោងតាមទិន្នន័យរដ្ឋាភិបាលឥណ្ឌា៕ប្រែសម្រួល៖ប៉ាង កុង