ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក៖ កិច្ចពិភាក្សាជាមួយ ប្រតិភូក្រុមតាលីបង់ នៅទីក្រុងដូហា ធ្វើឡើងដោយ ឥតលាក់លៀម និងស្មោះត្រង់

បរទេស៖ ក្រសួងការបរទេសអាមេរិកនិយាយថា ការពិភាក្សារយៈពេលពីរថ្ងៃជាមួយ គណៈប្រតិភូតាលីបង់ នៅទីក្រុងដូហាប្រទេសកាតា មានលក្ខណៈវិជ្ជាជីវៈ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងតាមដានសកម្មភាពរបស់តាលីបង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចចរចាទីក្រុងដូហា ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ និង ១០ ខែតុលា ហើយផ្តោតលើបញ្ហាសន្តិសុខ ក៏ដូចជាសិទ្ធិមនុស្ស រួមទាំងការចូលរួមរបស់ស្ត្រី នៅក្នុងទិដ្ឋភាពផ្សេងៗ នៃសង្គមអាហ្វហ្គានីស្ថាន។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ការពិភាក្សានេះមានភាពស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ ជាមួយគណៈប្រតិភូអាមេរិក ដោយបញ្ជាក់ជាថ្មីថា តាលីបង់នឹងត្រូវវិនិច្ឆ័យ លើសកម្មភាពរបស់ខ្លួន មិនមែនត្រឹមតែពាក្យសម្តីរបស់ខ្លួននោះទេ” ។

ចំណែកសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពួកតាលីបង់បានហៅការចរចា ជាមួយប្រតិភូអាមេរិកនៅដូហា ថាមានផ្លែផ្កាហើយមានក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងក្លាយជា ជំហានឆ្ពោះទៅរកការទទួលស្គាល់ថ្មី របស់អាជ្ញាធរអាហ្វហ្កានីស្ថានដោយវ៉ាស៊ីនតោន៕ ប្រែសម្រួលៈ ណៃ តុលា

To Top