បរទេស៖កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការយោធាឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពជាប់គាំង នៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យ បានរងភាពបរាជ័យ ហើយភាគីទាំងពីរ បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក នៅថ្ងៃចន្តនេះ សម្រាប់ការបរាជ័យមិនមានការវិវត្តទៅមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការមកពីប្រទេសទាំងពីរ បានជួបគ្នាសម្រាប់លើកទី១៣ ដោយមន្ត្រីឥណ្ឌាធ្វើការសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នា បានបង្កឡើងដោយការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយដូច្នេះថា “នៅក្នុងអំឡុងជំនួបពិភាក្សាគ្នានោះ ភាគីឥណ្ឌាបានបង្កើតការលើកឡើងដ៏មានអំណោយផលល្អ សម្រាប់ការដោះស្រាយតំបន់នៅសេសសល់ ប៉ុន្តែភាគីចិនមិនយល់ព្រម ហើយក៏មិនអាចផ្តល់សំណើរឆ្ពោះទៅមុខណាមួយ” និងបានបន្ថែមថា ជំនួបនេះមិននាំទៅរកដំណោះស្រាយនោះទេ។
ចំណែកមន្ត្រីនាំពាក្យឲ្យទីបញ្ជាការភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិន លោក Long Shaohua បាននិយាយដូច្នេះថា “ភាគីឥណ្ឌាបានបន្តទទូច លើការទាមទារមិនសមហេតុផលនិងគ្មានភាពប្រាកដនិយម ដែលធ្វើឲ្យការចរចាគ្នាកាន់តែលំបាកខ្លាំងឡើង”៕ប្រែសម្រួល៖ប៉ាង កុង