ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្រ្តាលី និយាយថា នឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុយូអិន 

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក  Scott Morrison បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ស្របពេលរដ្ឋាភិបាលលោក ប្រឈមមុខនឹងសម្ពាធពីពិភពលោក ឲ្យចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។

លោក  Scott Morrison តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយថា លោកមិនប្រាកដចិត្តថា លោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនាថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកានោះដែរឬក៏អត់នោះទេ ព្រោះស្ថានភាពជម្ងឺកូវីដ១៩ ប៉ុន្តែក្តីព្រួយបារម្ភទាំងនោះ កំពុងតែធូរស្រាលឡើង ស្របពេលដែលទីក្រុងស៊ីដនី បញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក នៅថ្ងៃទី០១ ខែវិច្ឆិកា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំពិភពលោកនានា រួមទាំងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ផង គ្រោងធ្វើការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងប្រទេសស្កុតឡែននោះ។

លោក Scott Morrison បាននិយាយប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងស៊ីដនីយ៉ាងដូច្នេះថា “ខ្ញុំបានធ្វើការបញ្ជាក់ពីការចូលរួមរបស់ខ្ញុំ នៅកិច្ចប្រជុំកំពូលទីក្រុង Glasgow  ដែលខ្ញុំកំពុងទន្ទឹងរង់ចាំចូលរួម។ រដ្ឋាភិបាលនឹងធ្វើការសម្រេចចុងក្រោយនូវគោលជំហរបស់ខ្លួន ដែលត្រូវផ្តល់ឲ្យដល់ជំនួបកំពូល ហើយយើងកំពុងតែធ្វើការងារក្នុងបញ្ហាទាំងនោះ”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top