ព័ត៌មានអន្តរជាតិ

ប្រធានឧស្សាហកម្ម ការពារជាតិតួកគីថា តួកគី អាចទិញយន្តហោះចម្បាំង Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើអាមេរិក មិនលក់យន្តហោះចម្បាំង F-16 មកឱ្យ

អង់ការ៉ា៖ លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគីអាចទិញយន្តហោះចម្បាំង ប្រភេទ Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក បង្កកការលក់យន្តហោះចម្បាំង F-16 មកឱ្យតួកគី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Demir ជាមួយទូរទស្សន៍ Kanal 7ថា «ប្រសិនបើដំណើរការ [ការទិញនិងធ្វើទំនើបកម្ម យន្តហោះ F-១៦] មិននាំមកនូវលទ្ធផលទេនោះ ប្រទេសតួកគី នឹងមិនចាកចេញ ដោយគ្មានជម្រើសទេ ។ បើចាំបាច់ប្រធានបទ គឺយន្តហោះចម្បាំង Su-35 និង Su-57 អាចបើកបានគ្រប់ពេល។ ឧស្សាហកម្មរបស់យើងនឹងធ្វើ អ្វីគ្រប់យ៉ាងដើម្បីធានាសន្តិសុខ របស់យើង ហើយប្រសិនបើត្រូវការអ្វីបន្ថែមនោះ យើងតែងតែអាចរកផ្លូវចេញបាន»។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអញ្ជើញរដ្ឋាភិបាលទីក្រុងអង់ការ៉ា ដើម្បីទិញយន្តហោះចម្បាំង F-16 ជាការត្រឡប់មកវិញសម្រាប់ការវិនិយោគរបស់ខ្លួន នៅក្នុងកម្មវិធី F-35 ។

កាលពីសប្តាហ៍មុន ការិយាល័យប្រធានាធិបតីតួកគី បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងពិចារណាបន្ថែមទៅលើ យន្តហោះ F-16s បន្ថែមទៀត ទៅក្នុងកងអាកាសរបស់ខ្លួន ជំនួសឱ្យយន្តហោះ F-35 ដែលទំនើបជាងមុន បន្ទាប់ពីវាត្រូវបានដកចេញ ពីកម្មវិធីប្រយុទ្ធប្រឆាំងយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top