ថ្ងៃទី១៨ ខែតុលា ស្ថាប័នផ្លូវការនៃប្រទេសចិន បានប្រកាសទិន្នន័យដំណើរការ សេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តាមការគណនា ជាជំហានដំបូងបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុក សរុបរបស់ចិន គឺ៨២,៣១៣១ទ្រីលានប្រាក់យាន់ចិន កើនជាង ៩.៨ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន បើមើលពីទិន្នន័យ លើវិស័យការប្រើប្រាស់ ផលិតកម្មឧស្សាហកម្ម ការវិនិយោគទ្រព្យសម្បត្តិថេរ ការប្រកបអាជីពនិងប្រាក់ចំណូល របស់ប្រជាជនជាដើមអាចឃើញថា សូចនាករម៉ាក្រូសំខាន់ៗ ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ គឺស្ថិតក្នុងក្របខណ្ឌ ដ៏សមរម្យជាទូទៅ ។
ប្រការនេះបានបង្ហាញថា សេដ្ឋកិច្ចចិនបានទប់ទល់ការប្រឈម និងការសាកល្បងជាច្រើន ដោយមានប្រសិទ្ធភាព ដែលបានរក្សាការស្តារការ អភិវឌ្ឍឡើងវិញជាបន្តបន្ទាប់ ល្បឿនកំណើនសេដ្ឋកិច្ច នៅតែឈរនៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គសេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោកដដែល ។
អ្នកផងទាំងពួងអាចឃើញថា សមិទ្ធផលជាទូទៅនៃ សេដ្ឋកិច្ចជាតិចិនក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បានតាំងមូលដ្ឋានដ៏ល្អ ប្រសើរសម្រាប់ត្រីមាសទីបួន ។ បើមើលពីការប្រើប្រាស់អាចឃើញថា ការប្រកបអាជីវកម្ម ប្រកបដោយស្ថិរភាពជាទូទៅ និងកំណើនប្រាក់ចំណូល ជាបន្តបន្ទាប់របស់ប្រជាជន នឹងមានអំណោយផលដល់ការ បង្កើនសមត្ថភាពចំណាយ ។ ព្រមពេលជាមួយគ្នានេះ កម្រិតកំណើននៃប្រាក់ចំណូល របស់ប្រជាជនបានដើរស្របគ្នា ជាមួយកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើមិនគិតពីកក្តាតម្លៃ នោះបានកើនឡើង ៩.៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន គិតជាមធ្យម ក្នុងរយៈពេលពីរឆ្នាំកន្លងមក បានកើនឡើង៥.១ភាគរយ ។
បើមើលពីវិស័យ វិនិយោគអាចឃើញថា តាំងពីចូលឆ្នាំនេះមក ការវិនិយោគក៏បានលេចចេញ និន្នាការកែលម្អជាទូទៅផងដែរ ។ ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ គិតជាមធ្យម ការវិនិយោគក្នុងឧស្សាហកម្ម ផលិតកម្មនៃប្រទេសចិនក្នុងរយៈពេល ពីរឆ្នាំកន្លងទៅនេះ បានកើនឡើង ៣.៣ភាគរយ ។ ដោយឡែក ឆ្នាំនេះជាឆ្នាំទីមួយនៃ ការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ គម្រោងសាងសង់សំខាន់ៗ មួយចំនួននឹងបើកការដ្ឋានជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលក៏បានពន្លឿន ការដាក់ចេញប័ណ្ណបំណុលពិសេស ប្រការទាំងនេះក៏មានអំណោយផល ដល់ការកើនឡើងនៃការវិនិយោគ ក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធផងដែរ ។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក ការស្តារសេដ្ឋកិច្ចចិន ឡើងវិញជាបន្តបន្ទាប់ វាមានសារសំខាន់ណាស់ ចំពោះសេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិនជាគន្លឹះមួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ព្រមពេលជាមួយគ្នានេះ ទីផ្សារចិនដែលមានភាព កាន់តែបើកទូលាយក៏បានផ្តល់ ឱកាសកម្រមានដល់អ្នកវិនិយោគ នៅទូទាំងពិភពលោកផងដែរ ។ ពីខែមករាដល់ខែសីហា ឆ្នាំនេះ ទុនបរទេសដែលប្រទេសចិន បានប្រើប្រាស់ជាក់ស្តែងបានកើនឡើង ២២.៣ភាគរយ ប្រើប្រៀបធផៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។
អ្នកវិនិយោគបរទេស បានបណ្តាក់ទុនពិតប្រាកដ ក្នុងប្រទេសចិន ដែលអាចបញ្ជាក់បន្ថែមទៀតថា អ្នកវិនិយោគនៅទូទាំងពិភពលោក មានចំណាប់អារម្មណ៍ និងទំនុកចិត្តយ៉ាងខ្លាំង ចំពោះទីផ្សារចិន។
នៅជំហានក្រោយ ប្រទេសចិននឹងមិនអន្ទះសា ហើយនឹងដើរ “ជំហាននីមួយៗ ”ឱ្យបានល្អក្នុងដំណើរ ស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងន័យបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ បង្កើនកម្លាំងចលករនៃការអភិវឌ្ឍ និងបញ្ចេញ សក្តានុពលនៃតម្រូវការ ក្នុងស្រុកឥតឈប់ឈរ ដើម្បីធានាអះអាងឱ្យសម្រេចបាន នូវគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំនៃប្រទេសចិន ៕