ព័ត៌មានអន្តរជាតិ

WTO នឹងត្រួតពិនិត្យគោល នយោបាយពាណិជ្ជកម្មលើកទី៨ របស់ប្រទេសចិន នៅថ្ងៃស្អែកនេះ 

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹង នៅថ្ងៃអង្គារនេះថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងចាប់ផ្តើមការត្រួតពិនិត្យគោលនយោបាយ ពាណិជ្ជកម្មលើកទី ៨ របស់ប្រទេសចិន នៅថ្ងៃពុធស្អែកនេះ។

ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យនេះមានរយៈពេល ៣ថ្ងៃរហូតដល់ថ្ងៃសុក្រ ហើយនឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកវ៉ាង វិនតាវ និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក វ៉ាង ស៊ូវឺន នៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់ និងឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការ WTO លោក លី ចេងកាង នៅទីក្រុងហ្សឺណែវ។

ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការចូលជាសមាជិករបស់ WTO របស់ប្រទេសចិន។  ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានបំពេញនូវការប្តេជ្ញាចិត្តចូលជាសមាជិករបស់ខ្លួន ដោយបានចូលរួមយ៉ាង សកម្មនៅក្នុងការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក និងបានរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ប្រទេសនេះបានឆ្លងកាត់ការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្មចំនួន ៧ លើកដោយអង្គការពាណិជ្ជកម្មពិភពលោកពីមុនមក ដោយការពិនិត្យចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៨ ។

ក្រសួងនឹងនិយាយលម្អិត អំពីទស្សនវិស័យអភិវឌ្ឍន៍ថ្មីរបស់ចិន ក្នុងអំឡុងពេលពិនិត្យលើកទី ៨ ពន្យល់អំពីកំណែទម្រង់ថ្មីរបស់ប្រទេស និងវិធានការបើកចំហ និងឆ្លើយតបទៅនឹងកង្វល់ដែលបានលើកឡើងដោយសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

ក្រសួងបានឲ្យដឹងថា“ ប្រទេសចិនស្វាគមន៍ប្រទេសទាំងអស់ ដើម្បីចែករំលែកឱកាសអភិវឌ្ឍជាមួយខ្លួន ហើយមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល”៕ដោយ ឈូក បូរ៉ា


To Top