ព័ត៌មានអន្តរជាតិ

ប្រេសិត អាមេរិក ជំរុញកូរ៉េខាងជើងឲ្យបញ្ចប់ការបង្កហេតុ និងទទួលយកសំណើពិភាក្សាគ្នា

បរទេស៖ ប្រេសិតអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ការតេស្តមីស៊ីលផ្លោងថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង គឺជារឿងគួរឲ្យព្រួយបារម្ភនិងគ្មានអំណោយផលល្អ សម្រាប់កិច្ចប្រឹងប្រែងកាត់បន្ថយភាពតានតឹងទេ ហើយទីក្រុងព្យុងយ៉ាង គួរតែចូលរួមក្នុងកិច្ចពិភាក្សាគ្នាជំនួសវិញ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជួបគ្នាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក នៅក្នុងទីក្រុងសេអ៊ូល តំណាងពិសេសអាមេរិក លោក Sung Kim បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក មានការប្តេជ្ញាស្វែងរកកិច្ចពិភាក្សាការទូតជាបន្តបន្ទាប់ជាមួយប្រទេសកូរ៉េខាងជើង។


លោក Sung Kim បានថ្លែងយ៉ាងដូច្នេះថា “គោលដៅរបស់យើង នៅតែជាការលុបបំបាត់នុយក្លេអ៊ែទាំងស្រុងលើឧបទ្វីបកូរ៉េ ហើយនោះជាមូលហេតុដែលការតេស្តមីស៊ីលផ្លោងថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ដែលមួយក្នុងចំណោមការតេស្តមួយចំនួន ក្នុងពេល៦សប្ដាហ៍កន្លងទៅ គឺជារឿងគួរឲ្យព្រួយបារម្ភនិងគ្មានផលល្អ ចំពោះការធ្វើឲ្យមានដំណើរវិវត្តឆ្ពោះទៅរកសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ”។


គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ទីក្រុងព្យុងយ៉ាង បានបដិសេធសំណើសហរដ្ឋអាមេរិក ដោយចោទទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល ពីបទធ្វើការពិភាក្សាការទូត ក្នុងខណៈបង្កើនភាពតានតឹងតាមរយៈសកម្មភាពយោធារបស់ប្រទេសទាំងពីរផ្លាល់៕


ប្រែសម្រួល៖ប៉ាង កុង

To Top