ព័ត៌មានអន្តរជាតិ

បុរសម្នាក់ដែលស្លាប់ក្រោយចាក់វ៉ាក់សាំង Johnson & Johnson បា នបរិច្ចាគសរីរាង្គទៅឱ្យមនុស្ស៤នាក់

បរទេស៖ បុរសអាយុ 57 ឆ្នាំម្នាក់ ដែលត្រូវបានប្រកាសថា ស្លាប់ខួរក្បាលសបន្ទាប់ពីដួលសន្លប់ប្រហែល 2 សប្តាហ៍ ក្រោយពេលបានចាក់វ៉ាក់សាំង Johnson & Johnson តែមួយដងគត់ គឺបានបរិច្ចាគសរីរាង្គដល់មនុស្សចំនួន 4 នាក់។ ជាមួយគ្នានេះ កូនស្រីរបស់គាត់បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ជាក់ពីមូលហេតុរវាងការស្លាប់របស់ឪពុកនាង និងវ៉ាក់សាំង។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងញត្តិមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រ Cheong Wa Dae នៅថ្ងៃទី 22 ខែតុលា កូនស្រីបានអះអាងថា ឪពុករបស់នាងដែលបានស្លាប់កាលពីថ្ងៃទី 10 ខែតុលា គឺគាត់មានសុខភាពល្អ មុនពេលទទួលវ៉ាក់សាំង ទោះបីជាគាត់បានធ្វើការវះកាត់សន្ទះបេះដូងកាលពី 33 ឆ្នាំមុនក៏ដោយ។

តាមកូនស្រីរបស់អ្នកស្លាប់ គឺបុរសជាឪពុកដែលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១៧ ខែកញ្ញា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីគាត់បានដួលកាលពីថ្ងៃទី 6 ខែតុលា។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសខួរក្បាលនៅទីនោះ ហើយបានទទួលការវះកាត់ខួរក្បាលជាបន្ទាន់ ប៉ុន្តែនៅទីបំផុតត្រូវបានប្រកាសថាខួរក្បាលស្លាប់។

កូនស្រីបានសរសេរនៅក្នុងញត្តិរបស់នាងថា “ឪពុករបស់ខ្ញុំបានស្លាប់ ហើយក្រោយមកបានបរិច្ចាគសរីរាង្គរបស់គាត់ទៅមនុស្ស 4 នាក់ ។ បុគ្គលិកពេទ្យនៅមន្ទីរពេទ្យបាននិយាយថា ពួកគេមិនប្រាកដថាតើការធ្វើកោសល្យវិច័យអាចរកឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់ឪពុកខ្ញុំទេ ។ អ្វីដែលខ្ញុំចង់បានមិនមែនជាសំណងទេ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបញ្ជាក់ពីមូលហេតុរវាងការស្លាប់របស់ឪពុកខ្ញុំ និងការទទួលថ្នាំបង្ការ ក៏ដូចជាការសុំទោសដោយស្មោះ” ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top