ព័ត៌មានអន្តរជាតិ

លោក បៃដិន ចូលរួមជាមួយ ថ្នាក់ដឹកនាំអាស៊ាន ថ្កោលទោស របបយោធាមីយ៉ានម៉ា

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមជាមួយ ថ្នាក់ដឹកនាំ អាស៊ាន ក្នុងការថ្កោលទោស ចំពោះរបបយោធាមីយ៉ានម៉ា ស្របពេលដែលកិច្ចប្រជុំកំពូល ក្នុងតំបន់បានបើក ដោយគ្មានតំណាង ពីមីយ៉ានម៉ា ក្រោយមេដឹកនាំយោធា របស់ប្រទេសនេះ ត្រូវដកចេញពីកិច្ចប្រជុំនោះ ដោយសារតែមិនអើពើ នឹងសំណើសន្តិភាព ។

សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ធ្លាប់បាននិយាយថា ខ្លួននឹងទទួលឥស្សរជន មិនមែនអ្នកនយោបាយ ពីមីយ៉ានម៉ា នៅក្នុងកិច្ចប្រជុំកំពូល ប៉ុន្តែយោធាមីយ៉ានម៉ា បានបដិសេធនឹងសំណើនោះ ដោយនិយាយថា វានឹងយល់ព្រមតាម ចំពោះតែការចូលរួម របស់មេដឹកនាំ ឬក៏រដ្ឋមន្ត្រី របស់ខ្លួនប៉ុណ្ណោះ ។

នៅក្នុងកិច្ចប្រជុំកំពូល ជាមួយអាស៊ាន លោក បៃដិន បានបង្ហាញ នូវក្តីព្រួយបារម្ភជាខ្លាំង ជុំវិញអំពើហិង្សា ក្នុងប្រទេស មីយ៉ានម៉ា និងបានអំពាវនាវ ឲ្យយោធា របស់ប្រទេសនេះដោះលែងមនុស្ស ដែលត្រូវគេចាប់ឃុំខ្លួន ដោយអយុត្តិធម៌ នេះបើយោងតាមសម្តី ដែលប្រាប់ឲ្យដឹង ពីសេតវិមាន ។

គួរបញ្ជាក់ថា យោធា របស់ប្រទេសមីយ៉ានម៉ា ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេល៤៩ឆ្នាំក្នុងចំណោម ៦០ឆ្នាំកន្លងទៅ បានធ្វើការចោទប្រកាន់ សមាគមអាស៊ាន ពីបទបោះបង់ចោលទំនៀមរបស់ខ្លួនឯង និងពីបទអនុញ្ញាត ឲ្យខ្លួនឯងទទួលរងឥទ្ធិពល ពីប្រទេសដទៃផ្សេងទៀត រួមមានទាំង សហរដ្ឋអាមេរិកផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top