ព័ត៌មានអន្តរជាតិ

តៃវ៉ាន់និយាយថា មិនស្វះស្វែងរកការប្រកួតប្រជែង អាវុធជាមួយចិន

បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បាននិយាយក្នុងរបាយការណ៍ដែលប្រគល់ឲ្យដល់រដ្ឋសភាមួយថា កោះតៃវ៉ាន់ មិនកំពុងព្យាយាមស្វះស្វែងចូលក្នុងការប្រកួតប្រជែងអាវុធ ជាមួយនឹងប្រទេសចិនទេ ប៉ុន្តែពិតជាចំាបាច់ត្រូវតែធ្វើកិច្ចការពារខ្លួនឯង និងមិនឱនលំទោនដោយសារតែសម្ពាធនោះទេ។


ភាពតានតឹងរវាងកោះតៃវ៉ាន់និងប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះកាន់លទ្ធិប្រជាធិបតេយ្យនោះថាជាទឹកដីរបស់ខ្លួននោះ នាពេលថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ស្របពេលដែលទីក្រុងប៉េកាំង ធ្វើការបង្កើនសម្ពាធយោធានិងនយោបាយ ដើម្បីបង្ខំឲ្យទីក្រុងតៃប៉ិ ទទួលស្គាល់អធិបតេយ្យភាពរបស់ចិន។


សម្ពាធទាំងនោះ រួមបញ្ចូលទាំងការធ្វើបេសកកម្មម្តងហើយម្តងទៀតដោយយន្តហោះចម្បាំងចិន នៅក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ផង។


នៅក្នុងរបាយការណ៍ប្រគល់ឲ្យរដ្ឋសភា ក្រសួងការពារជាតិតៃវ៉ាន់ បានពិពណ៌នាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ដែលខ័ណ្ឌចែកទឹកដីកោះពីចិនដីគោកនោះថា មានភាពអាក្រក់ធ្ងន់ធ្ងរនិងអស្ថិរភាព និងបានហៅសកម្មភាពយោធារបស់ប្រទេសចិន ថាជាការបង្កហេតុ។


គួរបញ្ជាក់ថា ប្រទេសចិន នាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងកម្មវិធីធ្វើទំនើបកម្មយោធា កសាងនាវាផ្ទុកយន្តហោះថ្មីនិងយន្តហោះចម្បាំងបំបាំងកាយ ក្នុងខណៈដែលតៃវ៉ាន់ ក៏កំពុងតែបង្កើនការចំណាយលើយោធា ជាពិសេសនោះ គឺលើការអភិវឌ្ឍគ្រាប់មីស៊ីលនិងនាវាមុជទឹកថ្មីៗ៕

ប្រែសម្រួល៖ប៉ាង កុង

To Top