ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្ មីជាង ៥.៣០០នាក់ ជាតួលេខឆ្លងខ្ពស់បំផុត មិនធ្លាប់មាន

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៣២៤នាក់កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៨៤.៤១៩នាក់ ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលចំនួនករណីប្រចាំថ្ងៃ បានកើនលើសចំនួន៥.០០០នាក់ ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន៤.៦៥១ ស្ថិតនៅក្នុងសហគមន៍ និងចំនួន៦៦១នាក់ នៅការដ្ឋានស្នាក់នៅ របស់ពលករចំណាកស្រុក និង១២ករណីត្រូវបាន នាំចូលពីខាងក្រៅ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួននៃការឆ្លង គឺខ្ពស់មិនធម្មតាដោយសារតែករណីកូវីដ-១៩ជាច្រើនត្រូវបានរកឃើញ ដោយមន្ទីរពិសោធន៍ធ្វើតេស្ត ក្នុងរយៈពេលពី២-៣ម៉ោងកាលពីរសៀលថ្ងៃពុធ ។

ក្រសួងបានកត់សម្គាល់ថា ខ្លួនកំពុងពិនិត្យមើលឃើញថា “ការកើនឡើងមិនធម្មតានៃករណី នៅក្នុងរយៈពេលខ្លីមួយ” ហើយនឹងតាមដានយ៉ាងដិតដល់ នូវនិន្នាការនេះសម្រាប់២-៣ថ្ងៃខាងមុខ។

ក្រសួងបានបញ្ជាក់ថា អ្នកជំងឺ១០នាក់ទៀតបានទទួលមរណភាព ដោយសារអាការៈធ្ងន់ធ្ងរបង្កឡើងពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើង ដល់៣៤៩នាក់៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top