វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញផែនការចំណាយ ដែលបានកែប្រែថ្មីចំនួនទឹកប្រាក់ ១,៧៥ទ្រីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅវាថា ជាការវិនិយោគប្រវត្តិសាស្រ្ត នាពេលអនាគតរបស់ប្រទេស ។
គាត់បានថ្លែងថា “គ្មាននរណាម្នាក់ទទួលបានអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន រួមទាំងខ្ញុំផងដែរ” ដោយទទួលស្គាល់ការតស៊ូ នៅក្នុងគណបក្សរបស់គាត់ ដើម្បីឈានដល់ការឯកភាព លើច្បាប់សំខាន់ពីរ ។
ក្រុមតូចនៅក្នុងសភាតម្រូវ ឱ្យមានការគាំទ្រស្ទើរតែទាំងអស់ ជាឯកច្ឆ័ន្ទពីគណបក្សប្រជាធិបតេយ្យ ដើម្បីឱ្យច្បាប់បានអនុម័ត។
ពួកគេរួមបញ្ចូលការវិនិយោគសំខាន់ៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ និងការថែទាំកុមារ ។
សេតវិមានបានឲ្យដឹងថា ផែនការនេះមានការគាំទ្រ ពីអ្នកប្រជាធិបតេយ្យទាំង៥០រូប នៅក្នុងព្រឹទ្ធសភា ដែលបែងចែកស្មើៗគ្នា ហើយបានបង្ហាញទំនុកចិត្តថា វាក៏អាចឆ្លងកាត់សភាផងដែរ ។ ប៉ុន្តែវានៅតែត្រូវមើល ថាតើ លោក បៃដិន ពិតជាសម្រេចបាននូវកម្រិត នៃកិច្ចសហប្រតិបត្តិការដែលត្រូវការ ពីក្នុងគណបក្សរបស់លោក ដើម្បីជំរុញផែនការចំណាយទៅមុខដែរឬទេ។
រដ្ឋបាលសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយ នៅមុនពេលលោក បៃដិន ហោះហើរទៅអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍។ គាត់កំពុងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម បុរីវ៉ាទីកង់ និងក្រោយមកទៅកាន់ទីក្រុង Glasgow ប្រទេសស្កុតឡែន សម្រាប់សន្និសីទស្តីពីអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP26 ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា