ព័ត៌មានអន្តរជាតិ

លោក បៃដិន និងក្រុមប្រឹក្សាសន្តិសុខយូអិន អំពាវនាវឲ្យរដ្ឋាភិបាលស៊ីវិលវិល ត្រឡប់វិញ ក្រោយរដ្ឋប្រហារ ក្នុងប្រទេសស៊ូដង់

បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីវិលក្នុងប្រទេសលីបង់វិលត្រឡប់វិញ និងឲ្យពួកយោធាអត់ធ្មត់ពីការប្រព្រឹត្តអំពើហិង្សា ស្របពេលដែលចំនួនមនុស្សស្លាប់ក្រោយរដ្ឋប្រហារនេះ នៅតែបន្តកើនឡើង។

សេចក្តីថ្លែងការណ៍ពីលោក ចូ បៃដិន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ គឺជាការបន្ថែមទៅលើការថ្កោលទោសកំពុងកើនឡើងពីអន្តរជាតិ លើរដ្ឋប្រហារយោធារបស់ប្រទេសស៊ូដង់ និងការដែលយោធាធ្វើការរំលាយចោលរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស៊ីវិល កាលពីថ្ងៃចន្ទកន្លងទៅ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការតវ៉ាពីសំណាក់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យកើនឡើង នាពេលថ្មីៗនេះ បានផ្ទុះកម្តៅកាន់តែខ្លាំងនៅទូទាំងប្រទេស ជាមួយនឹងគម្រោងធ្វើក្បួនដង្ហែចូលរួមដោយមនុស្ស១លាននាក់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

ប៉ុន្តែប្រភពពីផ្នែកពេទ្យនានា បាននិយាយថា អ្នកតវ៉ានាពេលថ្មីៗនេះបានប្រឈមមុខដាក់គ្នាជាមួយនឹងការបាញ់គ្រាប់ពិត ធ្វើឡើងដោយកងកម្លាំងសន្តិសុខ បណ្ដាលឲ្យមានមនុស្សស្លាប់តិចបំផុតចំនួន៧នាក់ និងជាង១៧០នាក់ទៀតបានរងរបួស ប៉ុន្តែចំនួនការស្លាប់ត្រូវបានគេរំពឹងថា មានចំនួនខ្ពស់ជាងនេះឆ្ងាយណាស់៕ប្រែសម្រួល៖ប៉ាង កុង

To Top