ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរៀបចំទណ្ឌកម្មថ្មី ក្នុងដំណើរឆ្លើយតប នឹងការបោះឆ្នោត ថ្ងៃទី០៧ ខែវិច្ឆិកា របស់នីការ៉ាហ្គ័រ

បរទេស៖មន្ត្រីអាមេរិកនិយាយថា រដ្ឋបាលលោក បៃដិន នាពេលបច្ចុប្បន្ន កំពុងតែធ្វើការងារជាមួយដៃគូអន្តរជាតិ ដើម្បីរៀបចំទណ្ឌកម្មថ្មី ដែលអាចដាក់ដើម្បីជាការឆ្លើយតប ចំពោះការបោះឆ្នោតថ្ងៃទី០៧ ខែវិច្ឆិការបស់ប្រទេសនីការ៉ាហ្គ័រ ដែលទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសថា ជារឿងអាម៉ាស់ ធ្វើឡើង ដោយលោកប្រធានាធិបតី Daniel Ortega។ 

ក្រៅពីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមធ្វើការត្រួតពិនិត្យលើការចូលរួម របស់ប្រទេសនីការ៉ាហ្គ័រ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកកណ្ដាល និងបានផ្អាករួចហើយនូវសកម្មភាព កសាងសមត្ថភាពជំនួញណាមួយ ដែលគេមើលឃើញថា ផ្តល់ផលប្រយោជន៍ឲ្យដល់រដ្ឋាភិបាលរបស់លោក Daniel Ortega នេះបើយោងតាមសម្តីមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសមួយរូប និយាយប្រាប់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ 

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលកំពុងបន្ថែមលើទណ្ឌកម្ម ដែលដាក់ដោយលោក ដូណាល់ ត្រាំ នោះ នាពេលថ្មីៗនេះ បានធ្វើការដាក់ពិន័យហិរញ្ញវត្ថុ និងបម្រាប់ធ្វើដំណើរអាមេរិក លើមន្ត្រីនីការ៉ាហ្គ័រជាច្រើនរូប ដែលរួមបញ្ចូលទាំងសមាជិក គ្រួសាររបស់លោក Daniel Ortega ផង ស្របពេលដែលមានការបង្ក្រាប របស់រដ្ឋាភិបាល នៅមុនការបោះឆ្នោត។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា លោក ដែលកំពុងព្យាយាមកាន់អំណាចក្នុងអាណត្តិទី៤ និងភរិយាលោក  គឺលោកស្រី Rosario Murillo កាន់តំណែងជាអនុប្រធានាធិបតីនោះ កំពុងតែត្រៀមរៀបចំការបោះឆ្នោត ក្លែងក្លាយដ៏អាម៉ាស់មួយ គ្មានភាពគួរឲ្យជឿជាក់ ដោយការបំបិតមាត់ និងការចាប់ខ្លួនដៃគូប្រជែង៕ ប្រែសម្រួល៖ប៉ាង កុង 

To Top