ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ចេញសេចក្តីព្រាងច្បាប់ លើកលែងការដាក់ទណ្ឌកម្មឥណ្ឌា ជុំវិញកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី

បរទេស៖ សមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ពួកគេបានចេញសេចក្តីព្រាងច្បាប់លើកលែងការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា សម្រាប់ការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដោយលើកឡើងពីសារៈសំខាន់នៃការធ្វើការងារជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់នឹងប្រទេសចិន។


សេចក្តីព្រាងច្បាប់ពីសមាជិកព្រឹទ្ធសភា គឺលោក Ted Cruz លោក Todd Young និងលោក Roger Marshall នេះ នឹងបង្កើតការលើកលែងរយៈពេល១០ឆ្នាំ សម្រាប់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិសុខចតុភាគី មានអូស្ត្រាលី ជប៉ុននិងឥណ្ឌា ឲ្យរួចពីទណ្ឌកម្មដែលដាក់ដោយច្បាប់ CAATSA បង្កើតក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងដាក់ពិន័យប្រទេស ដែលធ្វើពាណិជ្ជកម្មយោធារុស្ស៊ី។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក John Cornyn និងសមាជិកព្រឹទ្ធសភាមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ លោក Mark Warner នៅក្នុងលិខិតមួយ ដែលប្រគល់ជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារ បានស្នើឲ្យមានការលើកលែងមួយ ដោយផ្អែកលើសន្តិសុខជាតិនិងសហប្រតិបត្តិការកាន់តែទូលំទូលាយ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះ បានបន្ថែមទៅលើសំណើក្នុងរដ្ឋសភា ដែលស្នើឲ្យធ្វើការលើកលែងការដាក់ទណ្ឌកម្ម សម្រាប់ប្រទេសឥណ្ឌា៕


ប្រែសម្រួល៖ប៉ាង កុង

To Top