ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំ លោកខាងលិច ព្យាយាមកាត់បន្ថយជម្លោះ និងជួសជុលទំនាក់ទំនង ក្នុងកិច្ចប្រជុំ G-20

រ៉ូម៖ មេដឹកនាំនៃសេដ្ឋកិច្ច លោកខាងលិចមួយចំនួន បានព្យាយាមកាត់បន្ថយជម្លោះ និងជួសជុលទំនាក់ទំនង ដែលខូចខាតនៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទោះបីជាភាពប្រេះឆានៅតែមាន។

សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូម ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសជាផ្លូវការ កាលពីថ្ងៃអាទិត្យនៅទីក្រុងរ៉ូម។

ជម្លោះរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨ នៅពេលដែលពេលនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមដែលនាំ ចូលពីប្លុកនេះ។

ចំពោះការបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាលលោក ត្រាំ សហភាពអឺរ៉ុប បានយកករណីរបស់ខ្លួនទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានដាក់ពន្ធសងសឹកលើ ផលិតផលអាមេរិកជាច្រើនប្រភេទ។

ទោះបីជាមានជំហាន ដើម្បីបង្កើតឡើងវិញនូវលំហូរពាណិជ្ជកម្ម ឆ្លងកាត់អាត្លង់ទិកនៅក្នុងដែកថែប និងអាលុយមីញ៉ូម តាមរយៈកិច្ចព្រមព្រៀង កាលពីថ្ងៃអាទិត្យក៏ដោយ ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម Valdis Dombrovskis បានសរសេរថា “កិច្ចព្រមព្រៀងថ្ងៃនេះមិនមែន ជាទិសដៅចុងក្រោយ សម្រាប់ការដោះស្រាយ បញ្ហារសើបនេះទេ”។

ជំនួបរវាងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន និងប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅទីក្រុងរ៉ូម បានទទួលការយកចិត្តទុកដាក់ជាពិសេស ដោយសារតែការកើនឡើងថ្មីៗនេះ នៃជម្លោះលើសិទ្ធិនេសាទ រវាងប្រទេសទាំងពីរ។

ជម្លោះនេសាទក្រោយ Brexit រវាងចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមនៅដើមឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលរបស់កោះ Jersey បានណែនាំប្រព័ន្ធអាជ្ញាប័ណ្ណថ្មី ដោយតម្រូវឱ្យទូកបារាំងបង្ហាញ ប្រវត្តិនេសាទនៅក្នុងដែនទឹករបស់ Jersey ដើម្បីទទួលបានការអនុញ្ញាតនាពេលអនាគត។ នេះជាលទ្ធផលភាគីទាំងពីរ បានបញ្ជូន នាវាទ័ពជើងទឹកទៅតាម ដានស្ថានការណ៍ ក្នុងដែនទឹករបស់រដ្ឋ Jersey ក្នុងខែឧសភា ៕

ដោយ ឈូក បូរ៉ា

To Top