ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីនឹងមានប្រតិកម្មគ្រប់គ្រាន់ ចំពោះការប៉ុនប៉ង បរទេសណាមួយដើម្បី “បំបែកសមភាព ជាយុទ្ធសាស្រ្តរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ ជាន់ខ្ពស់នៅទីក្រុង Sochi របស់រុស្ស៊ីថា “សហសេវិកបរទេសមួយចំនួន របស់យើងមិនបោះ បង់ចោលការប៉ុនប៉ង ដើម្បីបំបែកសមភាពនេះទេ រួមទាំងតាមរយៈការដាក់ ពង្រាយធាតុផ្សំនៃ ប្រព័ន្ធការពារមីស៊ីល ជាសកលនៅក្នុងតំបន់ ជុំវិញព្រំដែនរបស់យើង”។
លោកបានសង្កត់ធ្ងន់ថា “យើងមិនអាចខកខានក្នុងការ កត់សម្គាល់ការគំរាមកំហែង ទាំងនេះចំពោះសន្តិសុខ របស់រុស្ស៊ីនោះទេ ហើយនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់” ។
លោក ពូទីន បានលើកឡើងថា ដោយមើលឃើញពីផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យមនៅអឺរ៉ុប ដែលបង្កការគំរាមកំហែង ដល់ប្រទេសរុស្ស៊ី ប្រទេសនេះកំពុងធ្វើការ ដើម្បីបង្កើនចំណែកនៃបរិក្ខារទំនើបៗ និងសព្វាវុធនៅលើអាកាស និងកងកម្លាំងការពារមីស៊ីលដល់ ៨០ភាគរយនៅឆ្នាំ ២០២៥-២០២៧។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ ជាបន្តបន្ទាប់ជាមួយ តំណាងយោធា ស្តីពីការអភិវឌ្ឍន៍កងកម្លាំង ប្រដាប់អាវុធរបស់រុស្ស៊ី ៕
ដោយ ឈូក បូរ៉ា