ប៉ារីស៖ កាសែតបារាំង Le Figaro បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសបារាំង និងអង់គ្លេស នឹងបើកកិច្ចប្រជុំស៊ីជម្រៅមួយនៅទីនេះនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីជម្លោះរបស់ប្រទេសទាំងពីរ ជុំវិញសិទ្ធិនេសាទក្រោយ Brexit ។
កាសែតបានរាយការណ៍ថា ការិយាល័យប្រធានាធិបតីបារាំង Elysee បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា គ្មានទណ្ឌកម្មសងសឹកប្រឆាំងនឹងចក្រភពអង់គ្លេស នឹងចូលជាធរមានមុនថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាជាថ្មីនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស។
លោក David Frost រដ្ឋមន្ត្រី Brexit របស់អង់គ្លេស ត្រូវបានដកស្រង់ដោយកាសែត ដែលលើកឡើងថា លោកបានទទួលយកសំណើកិច្ចប្រជុំដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសបារាំង សម្រាប់កិច្ចការអឺរ៉ុប Clement Beaune ។
លោកបានឲ្យដឹងនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកឲ្យដឹងថា “ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាជាមួយលោក នៅទីក្រុងប៉ារីសនៅថ្ងៃព្រហស្បតិ៍” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Glasgow ប្រទេសស្កុតឡេន កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា ការពិភាក្សាទាក់ទងនឹងជម្លោះលើការនេសាទនឹងបន្តរវាងប្រទេសបារាំង អង់គ្លេស និងគណៈកម្មការអឺរ៉ុប។
លោកបានច្រានចោលការអនុវត្តទណ្ឌកម្មសងសឹកព្រោះវាមិនមែនខណៈពេលដែលយើងកំពុងចរចាថាយើងនឹងដាក់ទណ្ឌកម្មនោះទេ។លោក Macron បានបន្ថែមថា លោកជឿជាក់លើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងទទួលយកសំណើរបស់ប្រទេសបារាំងយ៉ាងយកចិត្តទុកដាក់ ហើយការពិភាក្សានឹងនាំទៅរកលទ្ធផល៕ដោយ ឈូក បូរ៉ា