ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ ២គ្រឿង ប៉ះទង្គិចគ្នា នៅព្រលានយន្តហោះ Noi Bai ប្រទេសវៀតណាម

បរទេស៖ យន្តហោះ A321 មួយគ្រឿង បានទៅប៉ះទង្គិចនឹងយន្តហោះ ដែលនៅស្ងៀមមួយគ្រឿង មុនពេលហោះឡើង នៅអាកាសយានដ្ឋាន អន្តរជាតិ Noi Bai ទីក្រុងហាណូយ នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ជើងហោះហើរ QH1621 របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ពីទីក្រុងហាណូយ ទៅកោះ Phu Quoc គ្រោងនឹងចេញដំណើរនៅម៉ោង 7 ព្រឹក នៅថ្ងៃអង្គារ ប៉ុន្តែនៅពេលធ្វើដំណើរទៅកាន់ផ្លូវរត់ កន្ទុយរបស់យន្តហោះនេះ បានបុកកាប៊ីនយន្តហោះរបស់យន្តហោះ A321 មួយគ្រឿងទៀតដែលចតនៅក្បែរនោះ។

យន្តហោះទាំងពីរគ្រឿងបានរងការខូចខាតបន្តិចបន្តួច ដោយអ្នកដំណើរដែលធ្វើដំណើរទៅកាន់ Phu Quoc បានផ្ទេរទៅកាន់ជើងហោះហើរមួយផ្សេងទៀត ដោយពន្យារពេលការចាកចេញប្រហែលពីរម៉ោង។

លោក Dinh Viet Thang ប្រធានអាជ្ញាធរ អាកាសចរណ៍ស៊ីវិល វៀតណាម (CAAV) បាននិយាយថា អ្នកបើកយន្តហោះ ដែលមានកំហុស ត្រូវបានផ្អាក ដោយសារការធ្វេសប្រហែស រង់ចាំការស៊ើបអង្កេតជាផ្លូវការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top