កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិនអាណតិ្តទី១៩ នឹងបើកធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនៅក្រុងប៉េកាំង ។
របៀបវារៈសំខាន់ ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ គឺធ្វើការសិក្សាស្រាវជ្រាវ ជាសំខាន់និងបូកសរុបដោយ គ្រប់ជ្រុងជ្រោយនូវសមិទ្ធផល គួរឱ្យកត់សម្គាល់ និងបទពិសោធន៍ក្នុង ប្រវតិ្តសាស្ត្រតស៊ូព្យាយាមរបស់ បក្សកុម្មុយនិស្តចិនក្នុងរយៈពេល មួយរយឆ្នាំកន្លងមក ។
កិច្ចប្រជុំពេញអង្គលើកនេះ ជាកិច្ចប្រជុំមានសារៈសំខាន់ ប្រកបដោយលក្ខណៈទូទៅ និងលក្ខណៈជាប្រវតិ្តសាស្ត្រមួយលើក។ ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ នឹងពិនិត្យពិភាក្សានូវ «សេចកី្តសម្រេចចិត្តរបស់មជ្ឈិម បក្សកុម្មុយនិស្តចិនស្តីពី សមិទ្ធផលគួរឱ្យកត់សម្គាល់ និងបទពិសោធន៍ក្នុង ប្រវតិ្តសាស្ត្រតស៊ូព្យាយាម ក្នុងរយៈពេលមួយរយឆ្នាំកន្លងមក» ។
អ្នកវិភាគបានសម្គាល់ឃើញថា សេចកី្តសម្រេចចិត្តនេះ នឹងក្លាយជាឯកសារនយោបាយ ដ៏សំខាន់មួយច្បាប់ ដែលនឹងបូកសរុបថា “តើបក្សកុម្មុយនិស្តចិន យល់ឃើញយ៉ាងម៉េចចំពោះ ដំណើរតស៊ូព្យាយាមរបស់ខ្លួន ក្នុងរយៈពេលមួយរយឆ្នាំកន្លងមក ហើយនឹងបន្តអភិវឌ្ឍ ក្នុងរយៈពេលមួយរយឆ្នាំ នៅពេលអនាគតតាមរបៀបណា? ” ។
ដូច្នេះ “ការចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន” នឹងក្លាយជាខ្លឹមសារសំខាន់ ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ ។ ឆ្នាំនេះជាខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ចាប់តាំងពីបក្សកុម្មុយនិស្តចិន ត្រូវបានបង្កើតឡើងមក ក៏បានចាត់ទុកការស្វែងរក សុខសុភមង្គលជូនដល់ប្រជាជន និងការស្តារភាពរុងរឿងថ្កុំថ្កើង របស់ប្រជាជាតិចិនឡើងវិញ ជាគោលបំណងដើម និងបេសកកម្មរបស់ខ្លួន ។ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនសាមគ្គីគ្នា និងដឹកនាំប្រជាជនចិន បានចារឹកជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ។ ផ្លូវដ៏មហិមា បុព្វហេតុដ៏មហិមា និងសមិទ្ធផលដ៏មហិមាដែលប្រទេសចិន បានត្រួសត្រាយក្នុងរយៈពេល ១០០ឆ្នាំកន្លងមក ពិតជានឹងចារឹកក្នុងប្រវតិ្តសាស្ត្រ អភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃ អរិយធម៌របស់មនុស្សជាតិជាមិនខាន ។
សមិទ្ធផលដ៏មហិមារបស់ប្រទេសចិន ដែលទទួលបានក្រោមការ ដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក៏ទទួលបានការទទួលស្គាល់ ជាទូទៅនិងការវាយតម្លៃខ្ពស់ពី សំណាក់សហគមន៍អន្តរជាតិផងដែរ ។
លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម័្ពន្ធសង្គម ស៊ីវិលកម្ពុជាបានសម្គាល់ឃើញថា “ចាប់ពីឆ្នាំ១៩២១ដល់ឆ្នាំ២០២១ បក្សកុម្មុយនិស្តចិនបានឆ្លងកាត់ ដំណើរអភិវឌ្ឍន៍អស់រយៈមួយរយឆ្នាំ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា បក្សកុម្មុយនិស្តចិន គឺជាបក្សកាន់អំណាចដែល សមស្របនឹងប្រទេសចិនបំផុត ។ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេលមួយរយឆ្នាំកន្លងមក ប្រទេសចិនបានសម្រេចបាននូវ ឯករាជ្យភាពនិងភាពរុងរឿង របស់ប្រជាជាតិដែលបានក្លាយជា ប្រទេសធំមួយដែលមាន ឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោក ” ។
លោក Lukashenko ប្រធានាធិបតីបេឡារុសបានថ្លែងថា បក្សកុម្មុយនិស្តចិន បានយកគំនិតកុម្មុយនិស្តនិយម ផ្សារភ្ជាប់ជាមួយការអនុវត្តបដិវត្តន៍ ជាក់ស្តែងរបស់ប្រទេសចិន បានអនុវត្តគោលនយោបាយ កំណែទម្រង់សង្គមនិយម ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាប្រទេសខ្លាំងក្លា ដែលមានភាពរុងរឿង ។
លោកស្រី ហូវម៉ាន់ ប្រធានគណបក្សពលករ នៃប្រទេសប្រេស៊ីលសម្គាល់ឃើញថា ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បក្សកុម្មុយនិស្តចិនបានប្រកាន់ ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បាង ខិតខំប្រឹងប្រែងកែលម្អ ជីវភាពរស់នៅរបស់ប្រជាជន ហើយបានបង្កើតជាគំរូល្អ លើពិភពលោកទាំងមូល ។
លោក អាប៉ាស់ ប្រធានាធិបតីប៉ាឡេស្ទីន និងជាប្រធានគណៈកម្មាធិការ ប្រតិបតិ្តនៃអង្គការរំដោះ ប៉ាឡេស្ទីនបានថ្លែងថា ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីងអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន ប្រទេសចិនទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់លើវិស័យ អភិវឌ្ឍសេដ្ឋកិច្ច និងបច្ចកវិទ្យាខ្ពស់ ប្រទេសចិនក៏បានគ្រប់គ្រង ដោយជោគជ័យនូវការរីករាលដាល នៃជំងឺកូវីដ១៩ផងដែរ ។
ដោយឡែក គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយលោក ស៊ី ជីនភីង បាននាំមកនូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះដល់បណ្តាភាគីនានា ។
ប្រវត្តិសាស្ត្រហាក់ដូចជាកញ្ចក់ ក្នុងរយៈពេលមួយរយឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តចិន បានផ្តល់ដល់ប្រវត្តិសាស្រ្តនូវ ចម្លើយដ៏ល្អប្រសើរដែលធ្វើ អោយប្រជាជនពេញចិត្ត ។ បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនចិន ចាប់ផ្តើមធ្វើដំណើរថ្មីដើម្បីសម្រេច បាននូវគោលដៅតស៊ូព្យាយាម រយៈពេលមួយរយឆ្នាំទីពីរ ។ ក្នុងដំណើរថ្មីនេះ បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងកាន់តែ មានជំនឿចិត្តលើខ្លួនឯង កាន់តែមានភាពមុតមាំ ហើយចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន ដើម្បីដើរឱ្យបានកាន់តែឆ្ងាយ និងកាន់តែរឹងមាំ !