ព័ត៌មានអន្តរជាតិ

ក្រុមសកម្មជន ជំរុញឲ្យមានកិច្ចអន្តរាគមន៍ ជុំវិញប្រតិបត្តិការវាយលុក របស់កងទ័ពមីយ៉ានម៉ា

បរទេស៖ ក្រុមសិទ្ធិមនុស្សស៊ីវិល ជាង៥០០នាក់ នាពេលថ្មីៗនេះ បានអំពាវនាវឲ្យ មានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់អំពើហិង្សា កើនឡើង នៅក្នុងរដ្ឋ Chin ប្រទេសមីយ៉ានម៉ា ជាតំបន់ព្រំដែន ដែលបានក្លាយជា សមរភូមិមុខមួយ នៃការប្រឆាំងចំពោះការគ្រប់គ្រង របស់យោធា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាក្សីឃើញហេតុការណ៍ និងអង្គការសហប្រជាជាតិ បានរាយការណ៍ពីការប្រមូលសព្វាវុធ និងកងទ័ពនៅក្នុងរដ្ឋ Chin បង្ហាញថានឹងមានការវាយប្រហារឆាប់ៗនេះ ដើម្បីកម្ចាស់ក្រុមកងជីវពលដែលបានបង្កើត ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភកន្លងទៅ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានចេញនូវសេចក្តីថ្លែងការណ៍មួយ តំណាងឲ្យអង្គការអន្តរជាតិនិងក្នុងស្រុកចំនួន៥២១ ដែលបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីសម្រេច និងធ្វើចំណាត់ការ នៅមុនមានប្រតិបត្តិការវាយលុករីកធំឡើង នៅក្នុងរដ្ឋ Chin ស្ថិតនៅជាប់ព្រំដែនឥណ្ឌា។

គួរបញ្ជាក់ថា ប្រទេសមីយ៉ានម៉ា បានរងឥទ្ធិពលពីការតវ៉ានិងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារ ដោយរបបយោធាខិតខំធ្វើការគ្រប់គ្រង និងប្រឈមមុខនឹងការប្រឆាំងដោយប្រដាប់អាវុធ ពីកងកម្លាំងជីវពលនិងពួកបះបោរជនជាតិភាគតិច ដែលមានសម្ពន្ធភាព ជាមួយរដ្ឋាភិបាលស្រមោល ដែលយោធាមីយ៉ានម៉ាហៅថា ជាក្រុមភេរវករ៕

ប្រែសម្រួល៖ប៉ាង កុង

To Top