ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ប្រាក់រង្វាន់ ដល់ទៅ ៥លានដុល្លារក្នុងម្នាក់ សម្រាប់ការជួយប្រមាញ់ឈ្មួញ គ្រឿងញៀន ម៉ិកស៊ិក

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ទៅ៥លានដុល្លារក្នុងម្នាក់ សម្រាប់ព័ត៌មានដែលជួយដល់អាជ្ញាធរចាប់ខ្លួននិងដាក់ទោសឈ្មួញគ្រឿងញៀនម៉ិកស៊ិក៤រូប ដែលរួមមានទាំងបងប្អូននៃសេ្តចជួញគ្រឿងញៀនដ៏ល្បីឈ្មោះ គឺលោក El Chapo ផងដែរ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ឈ្មូញគ្រឿងញៀនទាំង៤រូបនោះ ត្រូវបានជាប់ចោទក្នុងបទចោទប្រកាន់របស់អាមេរិក ពីបទបំពានច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក រួមសមគំនិតជាអន្តរជាតិក្នុងការចែកចាយកញ្ឆា កូកាអ៊ីន មេតំហ្វេតាមីន និងហ្វេនតានីល។ 

បុគ្គលទាំង៤រូបនោះ ធ្វើប្រតិបត្តិការក្រោមសហព័ន្ធ  Sinaloa Cartel ដែលជាសហព័ន្ធមួយក្នុងចំណោមក្រុមជួញដូរថ្នាំញៀនដ៏ល្បីល្បាញបំផុតរបស់ប្រទេសម៉ិកស៊ិក ដែលលោក បានដឹកនាំ រហូតដល់ពេលលោកត្រូវចាប់ដាក់ពន្ធនាគារ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃតែមួយដែលក្រសួងយុត្តិធម៌អាមេរិក ប្រកាសបទចោទប្រកាន់ ដោយចោទបុគ្គលទាំង៤រូបនោះ ពីបទល្មើសនឹងច្បាប់ជួញដូរអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VOA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១៕

To Top