ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទស្សនាពិព័រណ៍តាមអនឡាញ មិនបាច់ទៅដល់កន្លែងផ្ទាល់ ក៏អាចស្វែងយល់ទាំងស្រុង

ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទីបួនបានសម្ពោធបើក នៅថ្ងៃទី៥ ខែវិចិ្ឆកា ។ ចំណុចលេចធ្លោនៃពិព័រណ៍ នាំចូលចិនអន្តរជាតិឆ្នាំនេះ គឺបានដាក់ចេញពិព័រណ៍ឌីជីថល តាមអនឡាញសម្រាប់ឱ្យ បណ្តាប្រទេសនានា ចូលរួមពិព័រណ៍ឆ្នាំនេះ ក្នុងន័យធ្វើឱ្យអ្នកផងទាំងពួង មិនបាច់ទៅដល់កន្លែងផ្ទាល់ ក៏អាចស្វែងយល់ពីម្ហូបអាហារឆ្ងាញ់ៗ និងទេសភាពស្រស់ស្អាត នៃប្រទេសនានា ធ្វើឱ្យទស្សនិកជនទទួល អារម្មណ៍ថ្មីក្នុងពេលទស្សនាពិព័រណ៍ ។

ពិព័រណ៍អំពីប្រទេសនានា បានដាក់តាំងបង្ហាញ ពីសមិទ្ធផលអភិវឌ្ឍន៍ ឧត្តមភាពខាងឧស្សាហកម្ម វប្បធម៌ ទេសចរណ៍និងសហគ្រាសសំខាន់ៗ ជាដើមរបស់ប្រទេស ដែលបានចូលរួមពិព័រណ៍ តាមរយៈរូបភាព វីដេអូនិងគំរូ 3D។ ក្នុងបរិបទនៃការ រីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចំនួន៥៨ និងអង្គការអន្តរជាតិ៣ បានចូលរួមការតាំង បង្ហាញតាមអនឡាញនេះ ។ ប្រទេសដែលបានចូលរួម ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ មកពីទ្វីបទាំង៥ នៅលើពិភពលោក ក្នុងនោះ មានប្រទេសរីកលូតលាស់ ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏មានប្រទេសមិនរីក លូតលាស់បំផុត ក៏បានចូលរួមផងដែរ ។

ប្រទេសកម្ពុជាក៏បានចូលរួម ការតាំងបង្ហាញតាមអនឡាញដែរ ទស្សនិកជនអាចចុចវេបសាយ ពិព័រណ៍ចូលពិព័រណ៍ 3D អំពីប្រទេសកម្ពុជា ខណៈចូលក្នុងពិព័រណ៍ ក៏បានឃើញខ្លាឃ្មុំផានដាចិនឈ្មោះ”jinbao” ដែលជាតុក្កតាសិរីមង្គលរបស់ ពិព័រណ៍កំពុងសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ ។ ក្រោមការណែនាំរបស់ តុក្កតាសិរីមង្គលរូបនេះ អាចឃើញមានខ្លឹមសារ តាំងបង្ហាញបួនផ្នែក ពោលគឺឧត្តមភាពខាងឧស្សាហកម្ម សមិទ្ធផលអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សហគ្រាសសំខាន់ៗ និងវប្បធម៌ទេសចរណ៍ បើសិនជាចង់យល់ដឹងឱ្យបានច្បាស់ អាចចុចចូលដើម្បីស្វែងយល់ ឱ្យបានច្រើនថែមទៀត ។

ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែប និងសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានរក្សា ការរីកចម្រើនកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មទទួលបាន សមិទ្ធផលជាផ្លែផ្កា ពាណិជ្ជកម្មនាំចេញនាំចូលក៏បាន រក្សានិន្នាការល្អប្រសើរផងដែរ ។ ដោយឡែក នៅខែតុលាឆ្នាំ២០២០ ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិន និងកម្ពុជា» បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ក្នុងចំណោមទំនិញជាង ៣០០ប្រភេទ ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី ប្រទេសចិនបានផ្តល់ភាពអនុគ្រោះ មិនយកពន្ធចំពោះទំនិញកម្ពុជាចំនួន ៩៥ភាគរយ ហើយកម្ពុជាបានផ្តល់ភាពអនុគ្រោះ មិនយកពន្ធចំពោះទំនិញចិនចំនួន ៩០ភាគរយ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន មិនត្រឹមតែបានផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់កិច្ចសហប្រតិបតិ្តការ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងភាគីទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនាតែមួយ រវាងចិននិងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបតិ្តការស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានឈានចូលដំណាក់កាល ប្រវត្តិសាស្ត្រថ្មី ។

នៅខែឧសភាឆ្នាំនេះ ស្វាយស្រស់កម្ពុជាត្រូវបាន ដឹកជញ្ជូនតាមផ្លូវទឹក ទៅដល់ប្រទេសចិនជាលើកដំបូង ។ ដំណាប់ស្វាយកម្ពុជាចំនួនជិត ៨០ភាគរយ បាននាំចេញទៅកាន់ប្រទេសចិន ។ ក្នុងរយៈពេល ១០ខែដំបូងឆ្នាំនេះ បរិមាណនាំចេញផ្លែចេក របស់កម្ពុជាបានឡើងដល់ចំនួន ៣សែន៦ម៉ឺន៩ពាន់តោន ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុត ។ បន្ទាប់ពីប្រទេសចិន បានពង្រីកការនាំចូលកសិផលកម្ពុជា ប្រកបដោយគុណភាពល្អមក ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ បរិមាណនាំចេញកសិផល របស់កម្ពុជាបានកើនឡើងជិត ៩០ភាគរយ ប្រើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ដែលមានតម្លៃសរុប ៣៤៩០លានដុល្លារអាមេរិក ។

កម្ពុជាជាប្រទេសកសិកម្មប្រពៃណី កសិកម្មជាឧស្សាហកម្មធំទីមួយ នៃសេដ្ឋកិច្ចកម្ពុជា ។ ស្របពេលដែលកសិផល ប្រកបដោយគុណភាពល្អ របស់កម្ពុជានាំចេញទៅកាន់ ប្រទេសចិនជាបន្តបន្ទាប់ កម្ពុជាមិនត្រឹមតែនឹងទទួលបាន ឳកាសល្អសម្រាប់ការ អភិវឌ្ឍកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចជំរុញកម្ពុជា ឱ្យកែសម្រួលនិងលើកកម្ពស់ លំដាប់ថ្នាក់នៃរចនាសម័្ពន្ធ ឧស្សាហកម្មផងដែរ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានថ្លែងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិននឹងឡើងដល់ ១ ម៉ឺនលានដុល្លារអាមេរិក ប្រទេសចិនបានដើរតួនាទី ដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាកែលម្អជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាផងដែរ ។

រីឯពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ក៏បានផ្តល់ឳកាសដ៏ល្អប្រសើរ ដល់កម្ពុជាក្នុងការបង្ហាញ ឧស្សាហកម្មពិសេសផលិតផល មានគុណភាពល្អរបស់ខ្លួន ទៅកាន់ប្រទេសចិនក៏ដូចជា ពិភពលោកផងដែរ ក្នុងបរិបទដែលជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោក និងសេដ្ឋកិច្ចសកលមានភាព ទន់ខ្សោយជាបន្តបន្ទាប់ ការរៀបចំពិព័រណ៍តាមអនឡាញ អាចស្វែងរកឳកាសពាណិជ្ជកម្ម និងទទួលបានការអភិវឌ្ឍរួម !

To Top