ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេស អ៊ីស្រាអែល បញ្ជាក់រដ្ឋាភិបាល គ្មានពាក់ព័ន្ធ នឹងក្រុម NSO ដែលស្ថិតក្នុងបញ្ជីខ្មៅ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានបញ្ជាក់រដ្ឋាភិបាល គ្មានពាក់ព័ន្ធនឹងក្រុម NSO Group ដែលជាក្រុមហ៊ុនមួយ ត្រូវបានចុះបញ្ជីខ្មៅកាលពី សប្ដាហ៍មុន ដោយសហរដ្ឋអាមេរិក ជុំវិញបទចោទប្រកាន់ លើការប្រើប្រាស់កម្មវិធី ចារកម្ម លួចយកទិន្នន័យទូរស័ព្ទ ។

ការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយអង្គការប្រព័ន្ធផ្សព្វផ្សាយចំនួន១៧ ដែលបានចេញផ្សាយកាលពីក្នុងខែកក្កដា បាននិយាយថា កម្មវិធីសូហ្វវែ Pegasus របស់ក្រុមហ៊ុន NSO បានផ្តោតគោលដៅលើទូរស័ព្ទស្មាតហ្វូនរបស់អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងមន្ត្រីរដ្ឋាភិបាល នៅក្នុងបណ្ដាប្រទេសមួយចំនួន។

នៅក្នុងទីក្រុងយេរូសាឡឹម លោក Yair Lapid បាននិយាយប្រាប់សន្និសីទ កាសែតមួយ ដូច្នេះថា “ក្រុមហ៊ុន NSO គឺជាក្រុមហ៊ុនឯកជន វាមិនមែនគម្រោងរដ្ឋាភិបាល ដូច្នោះហើយប្រសិនបើវាត្រូវ បានកំណត់ជាគោលដៅនោះ វាគ្មានពាក់ព័ន្ធអ្វីជាមួយ គោលនយោបាយ របស់រដ្ឋាភិបាលអ៊ីស្រាអែលទេ។ ខ្ញុំមិនគិតថា មានប្រទេសដទៃផ្សេងទៀតណាមួយ ក្នុងពិភពលោក ដែលមានច្បាប់តឹងរឹងបែបនេះ ចំពោះឧបករណ៍ចារកម្ម និងកំពុងតែអនុវត្តច្បាប់នោះខ្លាំងជាងអ៊ីស្រាអែលនោះទេ ហើយខ្ញនឹងបន្តធ្វើដូច្នេះទៀត” ។

គួរបញ្ជាក់ថា ក្រុមហ៊ុន NSO ធ្លាប់បាននិយាយថា ខ្លួនមានការខកចិត្ត ចំពោះការសម្រេចរបស់អាមេរិក និងបានលុបចោលកុងត្រានានា ជាមួយទីភ្នាក់ងាររដ្ឋាភិបាល ដែលប្រើប្រាស់ផលិតផល ជាឧបករណ៍បម្រើការ ស្របច្បាប់ក្នុងការជួយមន្ត្រី ប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្ម ប្រយុទ្ធនឹងអំពើភេរវកម្ម ៕ ប្រែសម្រួល៖ប៉ាង កុង

To Top