ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដឹកនាំការប្រជុំសន្តិសុខ ក្រោយមានការ វាយប្រហារដោយកូនដ្រូន ទៅលើផ្ទះ របស់លោក

បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានគេចផុតដោយគ្មានគ្រោះថ្នាក់ ក្នុងការប៉ុនប៉ងធ្វើឃាតមួយ ដោយកូនដ្រូនប្រដាប់អាវុធ នៅក្នុងទីក្រុងបាដាត ហើយនេះជាហេតុការណ៍មួយ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង នៅក្នុងប្រទេស ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតជាតិ បង្កឲ្យមានជម្លោះ ដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mustafa al-Kadhimi បានបង្ហាញខ្លួន នៅក្នុងវីដេអូឃ្លិបមួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោក នៅថ្ងៃអាទិត្យនេះ ធ្វើជាអធិបតីនៃកិច្ចប្រជុំមួយ ជាមួយមេបញ្ជាការសន្តិសុខកំពូលៗ ដើម្បីពិភាក្សាគ្នាអំពីការវាយប្រហារ ដោយកូនដ្រូននោះ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញក្រោយកិច្ចប្រជុំសន្តិសុខនោះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ង់ បាននិយាយថា “ការវាយប្រហារ ភេរវកម្មបែបកំសាក ដែលបានផ្តោតគោលដៅលើផ្ទះ របស់លោកនាយករដ្ឋមន្ត្រី កាលពីយប់មិញ ក្នុងគោលបំណងធ្វើឃាតលោកនេះ គឺជាការផ្តោតគោលដៅដ៏ធ្ងន់ធ្ងរធ្វើឡើង ដោយក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ មកលើប្រទេសអ៊ីរ៉ាក់”។ 

មន្ត្រីនាំពាក្យឲ្យអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ បាននិយាយថា ស្ថានភាពសន្តិសុខ គឺមានស្ថិរភាពធម្មតានៅក្នុងតំបន់ Green Zone ដែលជាទីមានទីលំនៅ អគាររដ្ឋាភិបាល និងស្ថានទូតបរទេស បន្ទាប់ពីមានការវាយប្រហារនោះ ហើយនៅ

ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top