បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ្នកនេសាទម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីកងកម្លាំងសន្តិសុខ ដែនសមុទ្រប៉ាគីស្ថាន (PMSA) បានបើកការបាញ់ប្រហារលើ ទូកនេសាទឥណ្ឌានៅសមុទ្រអារ៉ាប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលិសក្នុងតំបន់ត្រូវបានគេដកស្រង់សម្ដីដោយទូរទស្សន៍ NDTVថា «អ្នកនេសាទម្នាក់មកពីរដ្ឋ Maharashtra ដែលនៅលើទូកនេសាទ ‘Jalpari’ ត្រូវបានសម្លាប់បន្ទាប់ពីបុគ្គលិកឆ្នាំសមុទ្រ PMSA បានបើកការបាញ់ប្រហារលើគាត់ និងសមាជិកនាវិកផ្សេងទៀតកាលពីល្ងាចថ្ងៃសៅរ៍»។
ជនរងគ្រោះត្រូវគេបាញ់ចំទ្រូង ហើយ បុរសម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ។ សារព័ត៌មានបាននិយាយថា មានមនុស្សចំនួន ៧ នាក់នៅលើទូក។ ប្រភពអនាមិកបានប្រាប់ NDTV ថា អ្នកនេសាទមិនបានបង្ករឿងដល់យោធាប៉ាគីស្ថានទេ៕ប្រែសម្រួលៈ ណៃ តុលា