បរទេស៖មន្ត្រីរដ្ឋាភិបាលថៃមួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនឡើងវិញ ចំពោះកម្មករមកពីប្រទេសជិតខាងនានា គឺកម្ពុជា មីយ៉ានម៉ា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយភាពខ្វះខាតកម្លាំងពលកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។
លោក Pairote Chotikasathien មកពីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់ថា ច្បាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សម្រាប់កម្មករចំណាកស្រុក ដំណើរការធ្វើចត្តាឡីស័ក និងការតេស្តជម្ងឺកូវីដ១៩ នឹងត្រូវបានធ្វើការសម្រេចចិត្ត នៅថ្ងៃពុធសប្ដាហ៍នេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ ដូចជាផលកម្មចំណីអាហារនិងកៅស៊ូ គឺពឹងផ្អែកយ៉ាងខ្លាំង លើកម្មករចំណាកស្រុក ប៉ុន្តែការគ្រប់គ្រងព្រំដែនដ៏តឹងរឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើដំណើរចូលរបស់កម្មករចំណាកស្រុកស្ទើរតែទាំងអស់។
លោក Pairote Chotikasathien បានធ្វើការប៉ាន់ស្មានថា ប្រទេសលោកត្រូវការកកម្មករបរទេសចំនួន៤២០.០០នាក់ នៅក្នុងពេលបច្ចុប្បន្ននេះ ដែលភាគច្រើនក្នុងការងារសំណង់ រោងចក្រ និងឧស្សាហកម្មអាហារសមុទ្រ។ កម្មករភាគច្រើនបានចាកចេញពីប្រទេសថៃ ស្របពេលដែលប្រទេសនេះ ធ្វើការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងជម្ងឺកូវីដ១៩ កាលពីដើមឆ្នាំនេះ៕ប្រែសម្រួល៖ប៉ាង កុង