បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងបញ្ជូនកងទ័ព និងមន្ត្រីប៉ូលីសចំនួន ៨.៥០០នាក់ ព្រមទាំងឭឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ទៅការពារព្រំដែនជាប់ នឹងប្រទេសបេឡារុស ក្នុងគោលបំណងទប់ស្កាត់ ការប៉ុនប៉ងអាចមានពី ជនអន្តោប្រវេសន៍បំពានឆ្លងព្រំដែន។

សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ឲ្យ ចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ និងប្រទេសសមាជិក សហភាពអឺរ៉ុបដទៃទៀត ដើម្បីជាការសងសឹកចំពោះ ទណ្ឌកម្មដែលដាក់លើទីក្រុង Minsk។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrskiy តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា កងកម្លាំងថ្មីទាំងនេះ នឹងទៅចូលរួមជាមួយកងកម្លាំង ការពារព្រំដែនចំនួន ៣.០០០នាក់ កងកម្លាំងការពារជាតិ ៣.៥០០នាក់ និងមន្ត្រីប៉ូលីសចំនួន ២.០០០នាក់។

លោក Denys Monastyrskiy បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាកាសចរណ៍ពីក្រសួងមហាផ្ទៃ ក៏នឹងត្រូវទទួលតួនាទីផងដែរ ជាពិសេសនោះគឺឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ដែលនឹងធានាដល់ការចល័ត ហើយប្រសិនបើចាំបាច់នោះ នឹងបញ្ជូនកងកម្លាំងរបស់ យើងទៅកាន់ព្រំដែន” ៕
ប្រែសម្រួល៖ ប៉ាង កុង
