ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ព្រមានក្រុមបាតុករ កុំឲ្យផ្គើននឹងសេចក្តី សម្រេច របស់តុលាការធម្មនុញ្ញ

បរទេស ៖ រដ្ឋាភិបាលថៃ បានព្រមានក្រុមបាតុករ កុំឲ្យផ្គើននឹងសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលបានបញ្ជា ឲ្យពួកគេបញ្ឈប់រាល់សកម្មភាព ដែលគំរាមកំហែងដល់របបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam អ្នកជំនាញច្បាប់ របស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានក្រុមបាតុករ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះពួកគេមិនអាចលើកឡើងពីសិទ្ធិ និងសេរីភាព របស់ពួកគេចំពោះសកម្មភាព របស់ពួកគេដូចកាលពីមុនទៀតទេ ដោយសារតុលាការបានសម្រេចថា សកម្មភាពបែបនេះមិនមែនជាការអនុវត្តសិទ្ធិ និងសេរីភាព ក្រោមរដ្ឋធម្មនុញ្ញ ។

លោក Wissanu បានបន្តថា “ពួកគេត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងការប្រមូលផ្តុំនាពេលខាងមុខ” ។ ចំណែកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon បានបន្ទរទស្សនៈដោយនិយាយថា ក្រុមអ្នកតវ៉ាត្រូវតែគោរព តាមសេចក្តីសម្រេច និងដីការបស់តុលាការ។

នៅពេលសួរថាតើក្រុមបាតុករនឹងប្រថុយ ប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌបន្ថែមទៀត ដែរឬទេ ប្រសិនបើពួកគេនៅតែធ្វើបាតុកម្ម ដែលប្រឆាំងនឹងសេចក្តីសម្រេចនោះ លោកឧត្តមសេនីយ៍ Prawit បាននិយាយថា ប៉ូលីសនឹង ដោះស្រាយរឿងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top