ព័ត៌មានអន្តរជាតិ

ណាតូ បន្តគាំទ្រចំពោះប្រទេស ប៉ូឡូញ ជុំវិញវិបត្តិអន្តោប្រវេសន៍នៅបេឡារុស

បរទេស៖ ដោយផ្តល់ការគាំទ្រដល់ប្រទេសប៉ូឡូញ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តមានក្តីព្រួយបារម្ភជាខ្លាំង អំពីយុទ្ធសាស្ត្ររបស់ប្រធានាធិបតីបេឡារុស លោក ដែលធ្វើឲ្យជីវិតជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។


លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីមធ្យោបាយដែលរបបលោក Lukashenko កំពុងតែប្រើប្រាស់ជនអន្តោប្រវេសន៍ងាយរងគ្រោះ ជាយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសដទៃទៀត ហើយលោកកំពុងតែធ្វើឲ្យជីវិតរបស់ជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូរូបនេះ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ស្របពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមួយជាមួយបណ្ដារដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុបថា “យើងរួមសាមគ្គីឌជាមួយប្រទេសប៉ូឡូញ និងសម្ពន្ធមិត្តដែលរងផលប៉ះពាល់ដទៃទៀត”។


គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Jens Stoltenberg ក៏បានធ្វើការអំពាវនាវឲ្យប្រទេសរុស្ស៊ី ជាសម្ពន្ធមិត្តប្រទេសបេឡារុស ធ្វើការបន្ថយភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមានដល់ទីក្រុងមូស្គូ មិនឲ្យបង្កហេតុ ឬក៏ទង្វើឈ្លានពានណាមួយបន្ថែមទៀត៕


ប្រែសម្រួល៖ប៉ាង កុង

To Top