ព័ត៌មានអន្តរជាតិ

អ្នកជំនាញថា ចិន កំពុងផលិតនាវាចម្បាំង យន្តហោះចម្បាំង យ៉ាងសម្ងាត់ សម្រាប់ប្រឆាំងនឹង នាវាផ្ទុកយន្តហោះរបស់អាមេរិក

បរទេស៖ បញ្ហានៃការប្រកួតប្រជែងខាងកងទ័ពជើងទឹក បានទទួលសារៈសំខាន់យ៉ាងខ្លាំង ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលទាំងចិន និងសហរដ្ឋអាមេរិក រក្សាវត្តមានយោធាដ៏រឹងមាំ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល ទីក្រុងប៉េកាំង បាននិងកំពុងអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួនយ៉ាងសកម្ម ដោយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧត្តមភាពកងទ័ពជើងទឹក របស់ខ្លួននៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Sun បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Sam Armstrong នៃក្រុមអ្នកគិត Henry Jackson Society បានអះអាងថា ប្រទេសចិនកំពុងសាងសង់ ដោយសម្ងាត់នូវនាវាយោធា ដែលមានសមត្ថភាព ផ្ទុកយន្តហោះចម្បាំង។

យោងទៅលើរបាយការណ៍ថ្មីៗនេះ អំពីប្រទេសចិនកំពុងសាងសង់ នាវាផ្ទុកយន្តហោះដូចនឹងម៉ូដែលរបស់នាវាដឹកយន្តហោះអាមេរិកមួយគ្រឿង សម្រាប់ការហ្វឹកហ្វឺនការវាយប្រហារ ដោយមីស៊ីលនោះ លោក Armstrong បានចង្អុលបង្ហាញថា មិនចាំបាច់មានកិច្ចប្រឹងប្រែងបែបនេះទេ លុះត្រាតែប្រទេសនេះគ្រោងនឹងរៀបចំ “ការវាយប្រហារដោយគ្រាប់បែក លើនាវាផ្ទុកយន្តហោះ”។

លោកបាននិយាយថា “ប្រសិនបើប្រទេសចិនកំពុងសាងសង់ នាវាផ្ទុកយន្តហោះដែលសាងសង់ឡើងសម្រាប់ទំហំស្រដៀងគ្នា នឹងនាវារបស់សហរដ្ឋអាមេរិក នោះវាកំពុងអភិវឌ្ឍសមត្ថភាព ដើម្បីបញ្ជូនយន្តហោះចម្បាំងលឿនរបស់ខ្លួន នៅជុំវិញពិភពលោកជាមួយនឹងចេតនាតែមួយគត់ ក្នុងការពន្លិចនាវានោះ និងសម្លាប់អ្នកកាន់កាប់របស់ខ្លួន”។

លោកបន្ថែមថា ទាំងនេះគឺជាគំរូការងារ ដែលត្រៀមដាក់ពង្រាយ ជាលំហាត់ហ្វឹកហ្វឺនសម្រាប់ប្រតិបត្តិការជាក់ស្តែងប្រឆាំងនឹង កងកម្លាំងលោកខាងលិច”៕ ប្រែសម្រួលៈ ណៃ តុលា

To Top