ព័ត៌មានអន្តរជាតិ

អាមេរិក សុំឲ្យជប៉ុនជួយ ដើម្បីទទួលបានការដោះលែង អ្នកសារព័ត៌មាន ដែលជាប់ពន្ធនាគារនៅមីយ៉ាន់ម៉ា

តូក្យូ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្វែងរកជំនួយពីលោក Yohei Sasakawa បេសកជនពិសេសរបស់ប្រទេសជប៉ុន សម្រាប់ការផ្សះផ្សាជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីឈ្នះសេរីភាពអ្នកសារព័ត៌មានអាមេរិក ដែលត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកាលពីពេលថ្មីៗនេះ។

លោក Sasakawa ដែលជាប្រធានមូលនិធិសប្បុរសធម៌ Nippon Foundation បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Kyodo News ចំពេលដំណើរទស្សនកិច្ច “ផ្ទាល់ខ្លួន” របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈកន្លងទៅ។

លោកបានឲ្យដឹងថា លោកត្រូវបានស្នើដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យជួយអន្តរាគមន៍ជាមួយយោធាក្នុងករណី Danny Fenster និពន្ធនាយកនៃទស្សនាវដ្តីព័ត៌មានអនឡាញ Frontier Myanmar ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា នៅអាកាសយានដ្ឋានយ៉ាំងហ្គោន ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបទល្មើសផ្សេងៗទៀត។ ហើយ ត្រូវ បាន កាត់ទោស កាលពី ថ្ងៃ សុក្រ កន្លង ទៅ ឱ្យ ជាប់ ពន្ធនាគារ រយៈពេល ១១ ឆ្នាំ។

កាលពីថ្ងៃសៅរ៍ លោក Sasakawa ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាញឹកញាប់នាពេលកន្លងមក បានជួបប្រជុំជាមួយឧត្តមសេនីយ មីន អ៊ុងឡាំង ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។

ពីរថ្ងៃក្រោយមកលោក Fenster ត្រូវបានដោះលែងវិញបន្ទាប់ពីជាប់គុកជិត ៦ខែ ហើយត្រូវបានបណ្តេញចេញពីប្រទេសនៅក្នុងក្រុមហ៊ុនរបស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Bill Richardson ។

លោក Sasakawa បានលើកឡើងថា សូម្បីតែមុនពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើរសុំពីលោក ដែលមានទំនាក់ទំនងល្អជាមួយយោធាមីយ៉ាន់ម៉ាក៏ដោយ ក៏លោកបានជំរុញឱ្យពួកគេដោះលែងអ្នកកាសែតដែរ។

ក្នុងការដោះលែងលោក Fenster អាជ្ញាធរយោធាបានឲ្យដឹងថា លោកត្រូវបានគេលើកលែងទោសតាមសំណើរបស់លោក Sasakawa និងអន្តរការីផ្សេងទៀតពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក “ដោយមើលឃើញពីទំនាក់ទំនងមិត្តភាព ដែលមានស្រាប់រវាងមីយ៉ាន់ម៉ា និងប្រទេសទាំងនោះ និងលើហេតុផលមនុស្សធម៌”៕

ដោយ ឈូក បូរ៉ា

To Top